YouTube​​លុប​វីដេអូ​​ជាង​២០០​​ដែល​ផ្សព្វផ្សាយ​​ព័ត៌មាន​​មិន​ពិត​ពី​ការ​តវ៉ា​នៅ​​ហុងកុង​

23-08-2019 3:08 pm 263
ឡូហ្គោក្រុមហ៊ុនYouTube​

YouTube​បាន​និយាយថា បាន​លុប​វីដេអូ​ចំនួន​ជាង​២០០​វីដេអូ​ក្នុង​សប្ដាហ៍​នេះ ដែល​វីដេអូ​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ស្ដីពី​ការតវ៉ា​នៅក្នុង​ក្រុង​ហុងកុង​។ ការ​លុប​វីដេអូ​ចេញ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមហ៊ុន​Twitter​និយាយថា ខ្លួន​បាន​ផ្អាក​គណនី​ជាង​២​សែន​គណនី ដែល​ជាប់ទាក់ទង​នឹង​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​ចិន​ប្រឆាំង​ការតវ៉ា​។ ចំណែក​ក្រុមហ៊ុន​Facebook​បាន​និយាយថា ខ្លួន​ក៏បាន​ផ្អាក​គណនី​និង​លុបចោល​ទំព័រ​ហ្វេ​សប៊ុក​មួយចំនួន បន្ទាប់ពី​Twitter​បាន​ជូនដំណឹង​។ 

​ក្រុមហ៊ុន​Google​ដែលជា​ម្ចាស់​YouTube មិន​បានបញ្ជាក់​ច្បាស់លាស់​ថា​មាន​ទាក់ទង​នឹង​រដ្ឋាភិបាល​ចិន​ទេ ប៉ុន្ដែ​វីដេអូ​ទាំងនោះ​គឺ​ស្រដៀង​គ្នា​នឹង​ការបង្ហាញ​របស់​Facebook​និង​Twitter​ដែរ​។ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅលើ​គេហទំព័រ​របស់​ពួកគេ​។ ក្រោយ​មាន​ករណីនេះ​ក្រុមហ៊ុន​ក៏​ចាត់វិធានការ​ប្រឆាំង នឹង​ការរីក​រាលដាល​ព័ត៌មាន​មិន​ពិត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​៕

ព័ត៌មានផ្សេងទៀត