មេធាវី​លោក​សម រង្ស៊ី ​​ត្រៀម​ភស្តុតាង​​រួចហើយ ​ដើម្បី​តតាំង​ក្តី​ជា​មួយ​លោក​ហ៊ុន សែន​​

23-08-2019 12:17 pm 1768
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​ទទូច​ឲ្យ​លោក​សម រង្ស៊ី អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ឯកសារ​ភស្តុ​ង​តាង នៅមុខ​តុលាការ​បារាំង ចំពោះ​បណ្តឹង របស់លោក​ហ៊ុន សែន និង​លោក ឌី វិជ្ជា​។​នៅតាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​សុខ ឥសាន សរសេរថា លោក​ហ៊ុន សែន បាន​ដាក់ពាក្យ​ប្តឹង​លោក​សម រង្ស៊ី ទៅ​តុលាការ​បារាំង ហើយ​ចាំមើល​មើ តើ​លោក​សមរង្ស៊ី មាន​ភស្តុតាង និង​ឯកសារ​អី​ខ្លះ បង្ហាញ​តុលាការ​បារាំង​នោះ​។​

​តប​នឹង​ការ​សួររក​ភស្តុតាង​នេះ មេធាវី​ការពារ​ក្តី របស់លោក​សម រង្ស៊ី ដែលជា​ជនជាតិ​បារាំង បាន​ថ្លែង​តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២៣ សីហា​នេះ ថា​បាន​ត្រៀម​ភស្តុតាង​មួយចំនួន​រួចហើយ ដើម្បី​តតាំង​ជាមួយ​លោក​ហ៊ុន សែន និង​លោក​ឌី វិជ្ជា ក្រោយ​អ្នក​ទាំងពីរ គឺ​ឪ​ក្មេក និង​កូនប្រសា នេះ​រួមគ្នា ដាក់​ពាក្យបណ្តឹង ប្តឹង​លោក​ទៅ​តុលាការ​បារាំង កាលពី​ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៩​។​

​សេចក្តីថ្លែងការណ៍​មេធាវី លោក​សម រង្ស៊ី ធ្វើ​នៅ​ប្រទេស​បារាំង ជា​ភាសា​អង់គ្លេស មាន​កម្រាស់​ជាង​១​ទំព័រ បាន​លើកឡើងថា លោក​សម រង្ស៊ី ទន្ទឹងរង់ចាំ​អង្គហេតុ​ពាក់ព័ន្ធ ដែល​ត្រូវបាន​ពិនិត្យ ដោយ​តុលាការ​បារាំង ដែល​លោក​ហ៊ុន សែន បាន​ចោទប្រកាន់ថា លោក​សម រង្ស៊ី បាន​ធ្វើឲ្យប៉ះពាល់ ដល់​កេរ្តិ៍ឈ្មោះ​របស់លោក ដោយ​ចោទប្រកាន់ ជា​សាធារណៈ​ថា បានរៀបចំ​ការធ្វើឃាត​លោក​ហុក ឡងឌី អគ្គស្នងការ នគរបាលជាតិ​កម្ពុជា​ឆ្នាំ​២០០៨ និង​លោក ជា វិជ្ជា មេដឹកនាំ សហជីព​សេរី​កម្មករ​កម្ពុជា ឆ្នាំ​២០០៤​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា “​លោក​សម រង្ស៊ី នឹង​នាំ​ភស្តុតាង បង្ហាញ​កំណត់ត្រា​សិទ្ធិមនុស្ស ដែលមាន​លក្ខណៈ មិន​ប្រក្រតី​របស់លោក​ហ៊ុន សែន ដែល​ត្រូវបាន​សង្ខេប ដោយ​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស នៅក្នុង​របាយការណ៍​ឆ្នាំ​២០១៨ របស់​ប្រទេស​កម្ពុជា ដែលមាន​អំពើ​កខ្វក់ នៅក្នុង​ពេលវេលា​របស់​ហ៊ុន សែន មាន​អ្នកប្រឆាំង​រាប់រយ​នាក់​។ ក្នុងនោះ មាន​អ្នកសារព័ត៌មាន មេដឹកនាំ​សហជីព និង​អ្នក​ផ្សេងទៀត ត្រូវ​បានសម្លាប់ នៅក្នុង​ការវាយប្រហារ ដោយ​ហេតុផល​នយោបាយ​”​។​

​សូមបញ្ជាក់ថា លោក​ហ៊ុន សែន និង លោក​ឌី វិជ្ជា កូន​សព​លោក​ហុក ឡងឌី ដែលជា​អតីត​ស្នងការ​នគ​បាល​ជាតិ រួមគ្នា​ប្តឹង​លោក​សម រង្ស៉ី  ដែលមាន​សញ្ជាតិ​បារាំង ទៅកាន់​តុលាការ​បារាំង ទាក់ទង​នឹង​«​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល‍​»​រឿង​ការ​ចោទថា លោក​ហ៊ុន សែន រៀប​គម្រោង​សម្លាប់​លោក ហុក ឡងឌី កាលពី​ឆ្នាំ​២០០៨ ហើយ​លោក​ឌី វិជ្ជា មាន​ផែនការ​សងសឹក​នឹង​លោក​ហ៊ុន សែន ឲ្យ​ឪពុក​ខ្លួន ដោយមាន​ការគាំទ្រ​ពី​លោក​ស ខេង ផងដែរ​។ លោក​សម រង្ស៊ី ប្រកាស​ស្វាគមន៍​បណ្តឹង​នេះ និង​ថា លោក​ហ៊ុន សែន កំពុង​ភ័យ​ស្ល​ន់ ស្លោ ទៀតផង ទើបបានជា​ដាក់ពាក្យ​ប្តឹង​លោក យ៉ាង​ប្រថុចញ៉ុច តក់ក្រហល់​បែបនេះ​។ ប៉ុន្តែ​លោក​សម រង្ស៊ី​ថា លោក​អត់​បារម្ភ​ទាល់តែសោះ​។ លោក​ជឿជាក់ថា លោក​ហ៊ុន សែន នឹង​បរាជ័យ​ហើយ​៕ 

ព័ត៌មានផ្សេងទៀត