ជើងហោះហើរ​លើកដំបូង​​ពី​ភ្នំពេញ​ទៅមក​ខេត្ត​ដា​ណា​ង​​នឹងដា​ក់ឲ្យដំណើរការ​នៅ​ថ្ងៃទី​២៧ វិច្ឆិកា​​

23-08-2019 11:06 am 198

​នា​ថ្ងៃទី​២២ សីហា នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួបពិភាក្សា ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air ដែល​ដឹកនាំ​ដោយ​លោក អគ្គនាយក ក្រុមហ៊ុន​។​ការជួបពិភាក្សា​នេះ គឺ​ដើម្បី​សុំ​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចំពោះ​គម្រោង បើក​ការហោះ ហើរ ត្រង់​លើកដំបូង ពី​រាជធានី​ភ្នំពេញ​ទៅមក​ខេត្ត​ដា​ណា​ង នៃ​ប្រទេស​វៀតណាម នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​លោក​ថោង ខុន បានឲ្យដឹងថា ខេត្ត​ដា​ណា​ង​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​ដ៏​ធំ​របស់​វៀតណាម ដូច្នេះ ទីនោះ​នឹង​សម្បូរ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី​ច្រើន ដែល​អាច​បន្ត​ការហោះហើរ​ត្រង់​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ហើយ​ការតភ្ជាប់​នេះ ក៏​ជា​ការងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​មក​នៅ​ភ្នំពេញ ឬ​ហោះហើរ​ត្រង់​ពី ភ្នំពេញ ទៅ​ដា​ណា​ង​ផងដែរ​។ អ្វីដែល​សំខាន់ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី ឱ្យបាន​កាន់តែច្រើន​។​

​ជាមួយនឹង​ការអបអរសាទរ​ចំពោះ​គម្រោង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏ បាន​ស្នើឱ្យ​ក្រុមហ៊ុន​ត្រូវខិតខំ​ពង្រឹងគុណភាព​សេវាកម្ម​ឱ្យ​បានល្អ ពីព្រោះ Cambodia Angkor Air ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ជាតិ និង​ស្នើឱ្យ​ក្រុមហ៊ុន​គិតគូ​រលើ​ការបង្កើន​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ចិន​បន្ថែមទៀត​ដូចជា ខេត្ត​ស៊ី​អាន (​ឆាង​អាន​) ទីក្រុង​សៀង​ហៃ ខេត្ត​ក្វាង​ចូ​វ និង​ទីក្រុង​ប៉េកាំង​ជាដើម​។​

​សំណើ​របស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខាងលើនេះ ក៏​ត្រូវបាន​លោក​អគ្គនាយក​ក្រុមហ៊ុន ទទួលយក​ទៅ​ពិចារណា ដើម្បី​រៀបចំ​ឱ្យមាន​ការសិក្សា​លើ​បញ្ហា​ពាក់ព័ន្ធ​បន្ថែមទៀត​។​

គូសបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air ក៏មាន​ជើងហោះហើរ​ត្រង់​ពី​ខេត្តសៀមរាប​ទៅ​ខេត្ត​ដា​ណា​ង​រួចមកហើយ​។ ក្រៅពីនោះ ក្រុមហ៊ុន​បាន​នឹង​កំពុងបើក​ការហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ពី​ខេត្ត​ព្រះសីហនុ​ទៅ​ទីក្រុង​ប៉េកាំង ពី​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្តសៀមរាប ពី​ខេត្តសៀមរាប​ទៅ​ទីក្រុង​ហាណូយ​ជាដើម​៕​

ព័ត៌មានផ្សេងទៀត