លោក​ឡៅ ម៉ុងហៃ​៖​​ជីវិត​នយោបាយ​​លោក​សម រង្ស៊ី ​ត្រូវ​បញ្ចប់ ​បើ​មិន​វិល​ចូល​ស្រុក​តាម​សន្យា​​

23-08-2019 10:47 am 4895

​អ្នកវិភាគ​ស្ថានភាព​សង្គម និង​នយោបាយ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ និង​ធ្លាប់ជា​ទីប្រឹក្សា​លោក​កឹម សុខា ផង បាន​លើក​ជា​យោបល់​ថា លោក​សម រង្ស៊ី ចាំបាច់​ត្រូវតែ​ត្រឡប់​ចូលមក​មាតុភូមិ ដូច​បានប្រកាស បើ​ពុំ​នោះទេ​អាជីព​នយោបាយ កេរ្ត៍​ឈ្មោះ និង​ភាពជា​រដ្ឋបុរស​របស់​លោក​សម រង្ស៊ី នឹងត្រូវ​អ្នកដទៃ បន្តវេន​ពី​លោក​ហើយ​។​

​ប៉ុន្តែ លោក​ឡៅ ម៉ុងហៃ ទំនងជា​គ្មាន​ជំនឿ​លើ​ការប្រកាស​របស់លោក​ស​ម​រង្ស៊ី​ទេ​។ គ្មាន​ជំនឿ ព្រោះ​លោក​យល់ថា រដ្ឋាភិបាល​ដាច់ខាត​មិន​ឲ្យមាន​បដិសណ្ឋារ​កិច្ច​ទទួល​លោក​សម រង្ស៊ី ដូច​នៅ​ថ្ងៃទី​១៩ កក្កដា ២០១៣​ឡើយ​។ ហើយ បើ​លោក​សម រង្ស៊ី នៅតែ ចូលមក​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ដោយ​គ្មាន​កិច្ច​អន្តរាគមន៍ លើកលែងទោស​ពី​ព្រះមហាក្សត្រ នោះ​នគរបាល​នឹង​ចាប់​លោក​យកទៅ​ដាក់គុក​ដូច​បន្ទាយ​មួយ ស្ងាត់​អត់ឲ្យ​មាន​ការរទាក់ទង ជាមួយ​អ្នកដទៃ ឆ្ងាយ​ពី​ភ្នែក និង​ចិត្តគំនិត​របស់​សាធារណជន ប្រៀប​ដូច នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​គេ​ដាក់គុក ណែ​ល​សិន ម៉ឹន​ដែ​ឡា អស់​២៦​ឆ្នាំ ដែរ​។​លោក​ឡៅ ម៉ុងហៃ បានលើកឡើង​ដូច្នេះ ក្នុង​បណ្តាញ សង្គម​ហ្វេ​សប៊ុក​កាលពី​ថ្ងៃទី​២២ សីហា​។​

​សូមបញ្ជាក់ថា លោក សម រង្ស៊ី​បានប្រកាសថា នឹង​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ប៉ុន្មាន​ខែ ខាងមុខ​ទៀត​នេះ ដោយ​លោក​ប្រកាសថា ទោះបីជា​មានរឿង​អ្វី​ក៏ លោក​នឹង​មក​កម្ពុជា​ឲ្យ​ទា​ល់តែបាន​។ លោក​សម រង្ស៊ី ក៏បាន​អះអាង​ដែរថា បាន​កៀរគរ​ពលករ​ខ្មែរ​នៅ​ថៃ និង​នៅ​កូរ៉េ រាប់លាន​នាក់​ឲ្យ​អមដំណើ​រលោក​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ត្រៀម ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​គ្រប់​ច្រកល្ហក រួចហើយ​ដែរ​។​

​ប៉ុន្តែ ក្រុមអ្នកតាមដាន បញ្ហា​សង្គម និង​នយោបាយ មើលឃើញថា ការប្រកាស​របស់លោក​សម រង្ស៊ី និង​ការត្រៀម​ចាត់ការ​ពី​សំណាក់​រដ្ឋាភិបាល ក្នុងស្ថានភាព​បែបនេះ ដូចជា​មិនឃើញ​ពី​ផលប្រយោជន៍​អ្វី​ចេញពី​ការធ្វើ​នយោបាយ​បែបនេះ​ទេ ក្រៅតែពី​ការប៉ះទង្គិច​គ្នា បង្ក​ជា​ជម្លោះ​មិនចេះចប់ ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច ហើយ​សង្គម​បាត់បង់​សន្តិសុខ ឯ​អ្នកវិនិយោគ​មាន​ការបារម្ភ ដែល​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​៕

ព័ត៌មានផ្សេងទៀត