កូរ៉េខាងជើង​​ត្រៀម​ជាស្រេច​​ទាំង​ការចរចា​​និង​ការប្រឈមមុខ​​ជាមួយ​អាមេរិក​

23-08-2019 10:34 am 225

​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​លោក​រី​យ៉ុង ហូ​បាន​និយាយ​នៅ​ថ្ងៃទី​២៣​សីហា​នេះ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​កិច្ចចរចា​និង​ការប្រឈមមុខ​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក ដោយ​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា​ការបន្ដ​ជាមួយនឹង​ទណ្ឌកម្ម​គឺជា​ការគិត​ខុស​ហើយ​។ កិច្ចពិភាក្សា​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្យុងយ៉ាង​នៅ​មិនទាន់បាន​ចាប់​ផ្ដើមឡើង​វិញ​ទេ តាំងពី​ជំនួប​បរាជ័យ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​ក្នុងប្រទេស​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​។​

​លោក​ត្រាំ​បាន​ជួប​លោក​គីម​ម្ដងទៀត​កាលពី​ខែមិថុនា​នៅ​តំបន់​ព្រំដែន​កូរ៉េ ហើយ​បាន​ឯកភាព​ឲ្យ​បើ​កការចរចា​ឡើងវិញ ប៉ុន្ដែ​នៅ​មិនទាន់​កើតឡើង​ឡើយ​។ ស្របពេល​ស្ថានការណ៍​កំពុង​នៅ​ទ្រឹង លោក​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​បាន​និយាយថា ប្រសិនបើ​អាមេរិក​នៅ​បន្ដ​ស្រមៃ​ចង់​សម្រេចបាន​គោលដៅ​ជាមួយនឹង​ការដាក់ទណ្ឌកម្ម កូរ៉េខាងជើង​នឹង​មិនឲ្យ​ក្ដី​ស្រមៃ​នោះ​កើតឡើង​ដាច់ខាត​។​

​លោក​រី​បន្ដ​ដូច្នេះ​ថា “​យើង​បានរៀបចំ​រួចជាស្រេច មិន​ថា​ការចរចា​ជាមួយ​អាមេរិក ឬ​ការប្រឈមមុខ​ជាមួយ​អាមេរិក​។ បើ​អាមេរិក​ព្យាយាម​ប្រឆាំង​យើង​ដោយ​ប្រើ​ទណ្ឌកម្ម ហើយ​មិន​បោះបង់​ចេតនា​បង្កហេតុ​ទៀត វា​គឺជា​រឿង​ដែល​គិត​ខុស​មែនទែន​ហើយ​។​” មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​រូបនេះ​ក៏​ចោទប្រកាន់ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ​ថា បង្កឲ្យមាន​ស្រមោល​ខ្មៅ​ងងឹត​មក​បាំងបិទ​លើ​កិច្ចពិភាក្សា និង​ថា​លោក​ផុម​ភី​អូមាន​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន ជាង​គោលនយោបាយ​ការបរទេស​អាមេរិក​បច្ចុប្បន្ន​។​

​លោក​ផុម​ភី​អូបាន​និយាយ​ពេល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បើ​កូរ៉េខាងជើង​មិន​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ទេ អាមេរិក​នឹង​បន្ដ​រក្សា​ទណ្ឌកម្ម​ដដែល​។ លោក​ធ្លាប់​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ថា ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​គឺជា​ផ្លូវត្រូវ​សម្រាប់​កូរ៉េខាងជើង​។ 

​សូមបញ្ជាក់ថា បេសកជន​ពិសេស​អាមេរិក​ដែល​ដឹកនាំ​ក្រុម​ចរចា​ជាមួយ​កូរ៉េខាងជើង បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង​ហើយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។ មន្ដ្រី​កូរ៉េខាងត្បូង​អះអាងថា កិច្ចពិភាក្សា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​រំពឹង​នឹង​ចាប់ផ្ដើម​ក្នុងពេល​ឆាប់ៗ ប៉ុន្ដែ​មិន​បានបង្ហាញ​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​៕

ព័ត៌មានផ្សេងទៀត