​លោក​ហ៊ុន សែន​៖​​បើ​លោក​សម រង្ស៊ី​​ចូល​ស្រុក​ត្រូវអនុវត្ត​ច្បាប់​​

23-08-2019 9:39 am 627
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ជាថ្មី​ថា បើ​លោក សម រង្ស៊ី ហ៊ាន​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ភ្លាមៗ​ផងដែរ ខណៈដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ថា កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​ចំពោះ​ការវិលត្រឡប់​របស់ លោក សម រង្សុី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ពង្រឹង​ស្ថិរភាព​នយោបាយ ព្រមទាំង​សេចក្តីសុខ​ប្រជាពលរដ្ឋ មិនឱ្យ​បដិវត្ត​ពណ៌​កើតឡើង​ជាថ្មី ដូច​អ្វីដែល​ធ្លាប់​កើត​មាននៅ​ឆ្នាំ​២០១៣​។​

​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់ទៀតថា លោក ហ៊ុន សែន បាន​និយាយថា រឿង សម រង្ស៉ី មិនមែនជា​រឿង សម រង្សុី ជា​បុគ្គល​ទេ​គឺពាក់ព័ន្ធ​នឹង​ការយក​លេស​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការយក​លេស​ដោយ​ប្រើពាក្យ​ប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែ​លេស​ទាំងនេះ​គឺជា​លេស​ដើម្បី​ទាញ​កម្ពុជា ឱ្យ​ធ្លាក់​ទៅក្នុង​ការ​ប្រទាញប្រទង់​គ្នា រវាង​មហាអំណាច និង​មហាអំណាច​តែប៉ុណ្ណោះ​។ លោក​បន្តថា ដើម្បី​ការពារ​ប្រទេស​កុំឱ្យ​ធ្លាក់​ក្នុង​ហានិភ័យ​នេះ​គឺ​លោក ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​អព្យាក្រឹត្យ អចិន្ត្រៃយ៍ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ និង​គោលការណ៍​ឯករាជ្យ ដោយ​កសាង​ប្រទេស​ដោយ​ខ្លួនឯង មិនអាច​ឱ្យ​ប្រទេស​ណាមួយ ទាញ​កម្ពុជា​ឱ្យធ្វើតាម​ខ្លួន​បានទេ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ លោក សម រង្សុី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​អំពី​កាលបរិច្ឆេទ​ត្រឡប់មក​កាន់​ប្រទេស​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្រៅប្រទេស នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ដែល​ចំ​នឹង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​។ កន្លងមក​លោក សម រង្ស៊ី បានប្រកាសថា លោក​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៩ ខណៈដែល​សមត្ថកិច្ច​បា​ន​ត្រៀមខ្លួន​រួចជាស្រេច ព្រមទាំង​បាន​ដាក់ចេញ​នូវ​វិធានការ​នានា ដើម្បី​ចាប់​ខ្លួនលោក សម រង្ស៊ី មក​ផ្តន្ទាទោស​ផងដែរ​។​

​បើទោះបីជា​លោក សម រង្ស៊ី ប្រកាស​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្ដី ក៏ប៉ុន្តែ​មាន​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​មានជំនឿថា លោក សម រង្ស៊ី នឹង​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា ដូច​អ្វីដែល​លោក​ប្រកាស​នោះទេ​។ មិនមាន​ជំនឿ ដោយសារតែ​លោក សម រង្ស៊ី បានប្រកាស​ចូល​ស្រុក​ច្រើនដង​មកហើយ តែ​បែរជា​មិន​មក​ទៅវិញ ដោយសារ​ហេតុផល​ផ្សេងៗ​។ ដូច្នេះហើយ ទើប​ធ្វើឱ្យ​ពួកគេ​អស់ជំនឿ​៕

ព័ត៌មានផ្សេងទៀត