អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ​ពី​នគរបាល​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​

22-08-2019 7:40 pm 219

​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២១ សីហា បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ដើម្បី​យកទៅ​រក្សាទុក​បណ្តោះអាសន្ន ក្នុង​គោលដៅ​ចុះបញ្ជី​ទៅតាម​បច្ចេកទេស និង​រៀបចំ​សំណើ​សម្រាប់​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​នរោត្តម សីហនុ​អង្គរ ។​

​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នោះ រួមមាន ៖ 
១.​បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប ធ្វើ​ពី​ថ្ម​ភក់ មាន​កម្ពស់​៦២​សង់ទីម៉ែត្រ ទទឹង​២៨​សង់ទីម៉ែត្រ កម្រាស់​១៨​សង់ទីម៉ែត្រ 
២.​បំណែក​កញ្ចាំង ធ្វើ​ពី​ថ្ម​ភក់ មាន​កម្ពស់​៤៣​សង់ទីម៉ែត្រ ទទឹង​៣៤​សង់ទីម៉ែត្រ កម្រាស់​៣០​សង់ទីម៉ែត្រ 
៣.​បំណែក​ភ្នែក​ទេវ​រូប ធ្វើ​ពី​ថ្ម​ភក់ មាន​កម្ពស់​១១​សង់ទីម៉ែត្រ ទទឹង​១១​សង់ទីម៉ែត្រ កម្រាស់​៩​សង់ទីម៉ែត្រ 
៤.​កុលាលភាជន៍ ធ្វើ​ពី​ដី​ដុត កម្ពស់​២៥​សង់ទីម៉ែត្រ ទទឹង​២០​សង់ទីម៉ែត្រ 
​និង​ទី​៥.​កុលាលភាជន៍ ធ្វើ​ពី​ដី​ដុត កម្ពស់​៧,៥​សង់ទីម៉ែត្រ ទទឹង​៨​សង់ទីម៉ែត្រ ។​

​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ ត្រូវបាន​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ទទួលបាន​ពី​ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ និង​បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​សមត្ថកិច្ច​ដើម្បី​យក​មក​រក្សាទុក ៕

ព័ត៌មានផ្សេងទៀត