លំនៅឋាន​អា​រ៉ា​ខា​វ៉ា​ចែកជូន​ចាន​ស្រាក់​១០០០​ដល់​អ្នក​សាងសង់​លំនៅឋាន

22-08-2019 7:16 pm 182

ដើម្បី​ជា​ការចូលរួមចំណែក ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក និង​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ លំនៅឋាន​អា​រ៉ា​ខា​វ៉ា នឹង​ចែក​ជូន​ចានស្រាក់​ចំនួន ១,០០០ ដល់​អ្នកចូលរួម​សាងសង់​លំនៅឋាន នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ទីតាំង​សាងសង់​ផ្ទាល់ ដែល​ស្ថិត​នៅលើ​ផ្លូវ ២៣ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​អៀង សុធា​រ៉ា សហ​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បានឲ្យដឹងថា ពិធី​ចែក​ចានស្រាក់​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន ៣ គឺ​ទី​១.​ដើម្បី​បង្កើន​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិក​ចំពោះ​សុខភាព ,​ទី​២.​ដើម្បី​បង្កើន​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិក​ចំពោះ​បរិស្ថាន និង​ទី​៣ ដើម្បី​សម្តែង​នូវ​ក​ត្ត​ញ្ញូ​កតវេទី ចំពោះ​អ្នកចូលរួម​សាងសង់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​ទាំងអស់​។លោក​បាន​បញ្ជាក់បន្ថែម​ថា អ្វីៗ​ទាំងអស់​ដែល​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​ដើម្បី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ក៏ដូចជា ដើម្បី​សុភមង្គល​បុគ្គល គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​នៅក្នុង​សេចក្តីប្រកាស​ក៏​បានឲ្យ​ដឹង​បន្ថែមថា ថង់ប្លាស្ទិក និង​ប្រអប់​ស្នោ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ច្រក ឬ​វេច​ខ្ចប់​របស់របរ​ផ្សេងៗ ដែល​រួមមាន​ទាំង​ម្ហូបអាហារ​ផងដែរ ហើយ​ការបរិភោគ​អាហារ​ដែល​ច្រក​នៅក្នុង​ថង់ប្លាស្ទិក​ឬ​ចាន​ស្នោ ពិសេស​អាហារ​ដែល​ក្តៅ អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ខ្លាំង​។​

​សូម​បញ្ជាក់​ដែរ​ថា លំនៅឋាន​អា​រ៉ា​ខា​វ៉ា មាន​ចំនួន ៨​ប្លុក ត្រូវជា​១៦​អគារ ហើយ​មាន​២,៩៦០​យូ​នី​ត ក្រោម​ទុន​វិនិយោគ​ជាង ៧០​លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ទំហំ​ជាង​១៣,៦៨០​ម៉ែត្រក្រឡា ហើយ​លំនៅឋាន​នេះ ជា​គម្រោង​លំនៅឋាន​បែប​ខុន​ដូ ដែល​មាន​តម្លៃ​ចាប់ពី​២៨,០០០​ដុល្លារ​អាមេរិក​ឡើងទៅ​៕

 ពាក្យគន្លឹះ  លំនៅឋានអារ៉ាខាវ៉ា

ព័ត៌មានផ្សេងទៀត