ប្រទេសឥណ្ឌា ប៉ាគីស្ថាន តួកគី រុស្ស៊ី អ៊ីរ៉ាក់ និងអ៊ីរ៉ង់ផង ត្រូវតែប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដោយទទូចថាវាជារឿងអយុត្ដិបំផុត ប្រសិនបើអាមេរិកចំណាយពេល១៩ឆ្នាំទៀត ដើម្បីបោសសម្អាតភាពរញ៉េរញ៉ៃតែម្នាក់ឯង។
លោកត្រាំនិយាយដូច្នេះថា “ប្រទេសឥណ្ឌាគឺស្ថិតនៅត្រង់នោះ ប៉ុន្ដែពួកគេមិនបានប្រយុទ្ធប្រឆាំងនឹងបញ្ហានេះទេ ផ្ទុយទៅវិញគឺយើងកំពុងប្រឆាំងនឹងបញ្ហានេះ។” លោកត្រាំត្អូញត្អែប្រាប់អ្នកសារព័ត៌មានទៀតថា “ប្រទេសប៉ាគីស្ថាននៅជាប់នឹងទ្វារអាហ្វហ្គានីស្ថាន តែពួកគេចូលរួមតិចតួចណាស់ ដូច្នេះវាមិនយុត្ដិធម៌ទេដែលអាមេរិកត្រូវរ៉ាប់រងតែម្នាក់ឯង ខណៈអាមេរិកនៅចម្ងាយ៧ពាន់ម៉ាយពីអាហ្វហ្គានីស្ថាន។”
លោកត្រាំបន្ថែមទៀតថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលរុស្ស៊ី អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ អ៊ីរ៉ាក់ តួកគី ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅអាហ្វហ្គានីស្ថាន។ ប្រទេសទាំងអស់នេះមានក្រុមISISនៅជុំវិញ ហេតុនេះពួកគេត្រូវតែចូលរួមប្រយុទ្ធ។ អាមេរិកនឹងមិនចំណាយពេល១៩ឆ្នាំទៀត ក្នុងអ្វីដែលជាសង្គ្រាមយូរបំផុត បានកើតឡើងក្នុងប្រវត្ដិសាស្ដ្ររួចហើយនោះទេ។
សូមបញ្ជាក់ថា ឥណ្ឌានិងប៉ាគីស្ថានកំពុងផ្ទុះភាពតានតឹងនៅតំបន់ព្រំដែនកាស្មៀ រុស្ស៊ីវិញកំពុងកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម អ៊ីរ៉ង់កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក។ ចំណែកអ៊ីរ៉ាក់បានហាមឃាត់មិនឲ្យយន្ដហោះអាមេរិកចូលក្នុងដែនអាកាសឡើយ ក្រោយចោទថាអ៊ីស្រាអែលបានបើកការវាយប្រហារលើទីក្រុងបាដាដ ស្របពេលតួកគីកំពុងប្រឈមទណ្ឌកម្ម ក្រោយព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។ អ៊ីចឹងទេមិនទាន់ច្បាស់ឡើយថា ប្រទេសណាមួយអាចចូលរួមជាមួយរដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅអាហ្វហ្គានីស្ថាននោះ៕