រដ្ឋមន្ត្រី​ទេសចរណ៍​ណែនាំ​ឲ្យ​ប្រមូល​មុខម្ហូប និង​បង្អែម​ខ្មែរ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​

22-08-2019 3:58 pm 113

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​ការជ្រើសរើស​ម្ហូបអាហារ និង​បង្អែម ដែលជា​អត្តសញ្ញាណ​របស់​កម្ពុជា ឲ្យបាន​ច្រើន​មុខ ដើម្បី​រៀបចំ​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ នៅ​អង្គការ​យូណេស្កូ (UNESCO)​។

​ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន បាន​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ រៀបចំ​ជ្រើសរើស​មុខម្ហូប និង​បង្អែម​របស់​ខ្មែរ ដើម្បី​ដាក់​ស្នើ​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា ដែល​ធ្វើឡើង​នា​ថ្ងៃ​ទី​២១ ខែ​សីហា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​អង្គការ​ទេសចរណ៍​ពិភពលោក បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការស្នើ​ដាក់បញ្ចូល​ម្ហូប​ខ្មែរ​ចំនួន ៥​មុខ រួមមាន​៖ សម្ល​កកូរ សម្លម្ជូរគ្រឿង​ខ្មែរ សម្ល​ប្រហើរ ហហ្មុក (​ពលរដ្ឋ​ហៅថា អា​ម៉ុក​) និង​នំ​បញ្ចុក ព្រមទាំង​បង្អែម​៥​មុខ​ទៀត រួមមាន​៖ នំ​អន្សម នំ​ចក្រ​ច័ន្ទ បាយដំណើប​សង់ខ្យា នំ​ផ្លែអាយ និង​នំស្លឹកស្រស់ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អរូបី​យ​របស់​អង្គការ​យូណេស្កូ​។​

យ៉ាងណាមិញ លោក​ថោង ខុន មានប្រសាសន៍​បញ្ជាក់​ថា ក្រៅពី​មុខម្ហូប និង​បង្អែម ដែល​បាន​រៀបរាប់​ខាងលើ​នេះ គឺ​នៅ​មាន​មុខម្ហូប និង​បង្អែម​ជាច្រើន​មុខ​ផ្សេងទៀត ដូចជា ម្ជូរ​គ្រឿង​អំពិល ម្ជូរ​ទុំ​សណ្ដាន់ ម្ជូរ​ក្រសាំង ម្ជូរស្លឹកថ្នឹង ស្លឹក​ត្រ​មូង​ជាដើម ចំណែក​បង្អែម​ក៏​នៅ​មាន​ច្រើន​ទៀត​ដែរ ដូចជា ចេក​ខ្ទិះ បង្អែម​គ្រាប់​ផ្លែ​ត្នោត​ខ្ចី ឬ​បបរ​ត្នោត ដំណាប់​ផ្លែឈើ​នានា ដែល​ទាមទារ​ប្រមូល​យក​មក​រៀបចំ​ស្នើសុំ​ចុះបញ្ជី​ទាំងអស់​។​

​សូមបញ្ជាក់​ថា គិត​មកដល់ពេលនេះ កម្ពុជា​មានសម្បត្តិ​វប្បធម៌​ជាតិ​ចំនួន​៩ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ រួមមាន​៖

១. ប្រាសាទអង្គរវត្ត​៖ ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​នៅក្នុង​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២​។​

២. ប្រាសាទ​ព្រះវិហារ​៖ វា​ស្ថិត​នៅក្នុង​ខេត្ត​ព្រះវិហារ ហើយ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០០៨​។​

៣. របាំ​ព្រះ​រាជទ្រព្យ​៖ ត្រូវ​បាន​ចុះ​ជា​សមុ្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។​

៤. ល្ខោន​ស្បែក​ធំ​៖ ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥​។​

៥. ចាប៉ីដងវែង​៖ វា​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។​

៦.​បណ្ណសារ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ចុះ​ក្នុង​បញ្ជី​នៃ​ការចងចាំ​ពិភពលោក​នៅ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩

៧. ល្បែង​ទាញព្រ័ត្រ ចុះបញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មនុស្ស​ជាតិ​នៅ ថ្ងៃទី ២ ខែ ឆ្នូ ឆ្នាំ ២០១៥

៨. ប្រាសាទសម្បូរព្រៃគុក ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧

៩. ល្ខោន​ខោល ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត