ក្រសួង​សេដ្ឋកិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​ក្នុង​ការកែច្នៃ​សំរាម​ផលិត​អគ្គីសនី​

22-08-2019 11:23 am 155
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គ​.​ស​.​ហ បាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង ពិភាក្សា​អំពី “​លទ្ធភាព​ក្នុង​ការកែច្នៃ​សំរាម​សម្រាប់​ផលិត​អគ្គិសនី​” ស្រប​ពេល​បរិមាណ​សំរាម និង​កាក​សំណល់​រឹង​បាន​កើនឡើង​យ៉ាង​ខ្លាំង​គួរឲ្យ​ព្រួយបារម្ភ​។ 

​កាលពី​ថ្ងៃ​ទី ២០ សីហា ឆ្នាំ ២០១៩ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការកែឆ្នៃ​សំរាម​សម្រាប់​ផលិត​អគី្គ​ស​នី ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​កំណើន​សេដ្ឋកិច្ច និង កំណើន​ប្រជាជន​នៅតាម​ទីក្រុង និង​ទីប្រជុំជន ដែល​ធ្វើឲ្យ​បរិមាណ​សំរាម​មាន​ការកើនឡើ​ង​យ៉ាងខ្លាំង​គួរឲ្យកត់សម្គាល់​។​

​នៅក្នុងយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ បរិមាណ​សំរាម​ជា​មធ្យម​ចំនួន​ប្រមាណ​ជាង ២.៨០០ តោន​ក្នុង​មួយថ្ងៃ ដែល​កើនឡើង​ក្នុង​រង្វង់​ពី​១០% ទៅ​១៣% ក្នុង​មួយ​ឆ្នាំ ខណៈ​បរិមាណ​សំរាម​នៅ​ក្នុង​ទីក្រុង ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​ការកើនឡើង​បន្តទៀត ដែល​ទាមទារ​ឲ្យមាន​វិធានការ​ក្នុង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់​ថា​កិច្ចប្រជុំ​នេះ ក៏​បាន​ពិភាក្សា​រក​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការគ្រប់គ្រង​សំរាម និង​កាក​សំណល់​រឹង​ដែល​មាន​ជាអាទិ៍ រៀបចំ​កសាង​ក្របខ័ណ្ឌ​ច្បាប់ គោលនយោបាយ និង​អនុវត្ត​បទដ្ឋាន​គតិយុត្តិ​ស្ដីពី​ការគ្រប់គ្រង​កាក​សំណល់​រឹង​និង សំរាម រៀបចំ​យន្តការ​អន្តរ​ស្ថាប័ន រួម​គ្នា​អនុវត្ត​វិធានការណ៍​ជា​ខ្សែក្រវ៉ាត់ ចាប់​ពី​អ្នកប្រើប្រាស់ រហូត​ដល់​ការកែច្នៃ​ចុងក្រោយ រៀបចំ​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​និង​គ្រប់​ទីកន្លែង ដើម្បី​បង្កើន​ការ​ទុកដាក់​សំរាម ការសម្អាត​អនាម័យ បរិស្ថាន ដែល​ទាមទារ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។

ទន្ទឹមនឹងនេះ ក៏​មាន​ការរៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​ការគ្រប់គ្រង និង​កែច្នៃ​សំណល់​រឹង និង សំរាម ការកែសម្រួល​ប្រព័ន្ធគ្រប់គ្រង ដោយ​ដាក់​ចេញ​នូវ​យន្តការ វិធានការ​អនុវត្ត​ជាក់លាក់​ក្នុង​ការគ្រប់គ្រង​កាក​សំណល់​រឹង និង សំរាម ក៏ដូចជា​រៀបចំ​ជា​យុទ្ធនាការ​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ដោយ​មាន​ការសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចូលរួម​រៀបចំ​ទុកដាក់​កាកសំណល់​រឹង និង សំរាម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត