ព្រះមហាក្សត្រ ​ចេញ​ព្រះរាជក្រឹត្យ​​បង្កើត​សាលា​ឧទ្ធរណ៍​ចំនួន​៤ នៅកម្ពុជា​​

22-08-2019 11:09 am 629

​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​បង្កើត ឱ្យមាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​សាលាឧទ្ធរណ៍​នៅក្នុង​តំបន់ ចំនួន ៣​បន្ថែមទៀត គឺ​តំបន់​ត្បូងឃ្មុំ តំបន់​បាត់ដំបង និង​តំបន់​ព្រះសីហនុ ដើម្បី​សម្រួល​ដល់​រឿងក្តី​របស់​ប្រជាពលរដ្ឋ​តាម​ខេត្ត​នីមួយៗ​។​

​តាម​ព្រះរាជក្រឹត្យ គឺ​មានសាលាឧទ្ធរណ៍​ភ្នំពេញ ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ត្រូវ​ទទួលដោះស្រាយ​បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក ខណៈ​តំបន់​សាលាឧទ្ធរណ៍​នៅតាម​តំបន់​ផ្សេងទៀត​នោះ សម្រាប់​ទទួល​ការ ដោះស្រាយ​លើ​សំណុំរឿង​របស់​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​ក្បែរៗ​នោះ​។​

​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ ត្រូវ​ទទួលដោះស្រាយ បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា របស់​សាលាដំបូង​ខេត្ត​កំពង់ចាម និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​,​សាលាដំបូង​ខេត្តកំពង់ធំ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​, សាលាដំបូង​ខេត្តព្រះវិហារ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​, សាលាដំបូង​ខេត្តក្រចេះ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​, សាលាដំបូង​ខេត្តស្ទឹងត្រែង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​, សាលាដំបូង​ខេត្តរតនគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​, សាលាដំបូង​ខេត្តមណ្ឌលគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​, សាលាដំបូង​ខេត្តព្រៃវែង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រៃវែង​, សាលាដំបូង​ខេត្តស្វាយរៀង និង​អយ្យការ អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​,​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ឬ​ករណី​សំណុំរឿង ដែល​តុលាការ​កំពូល​បាន​បង្វិល​មកវិញ​។​

​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង ត្រូវ​ទទួលដោះស្រាយ បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​, សាលាដំបូង​ខេត្តបាត់ដំបង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​, សាលាដំបូង​ខេត្ត​ប៉ៃលិន និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​, សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​, សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​, សាលាដំបូង​ខេត្តសៀមរាប និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មកវិញ​។​

​ចំណែកឯ សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ ត្រូវ​ទទួលដោះស្រាយ បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តី សម្រេច​នានា​របស់​សាលាដំបូង​ខេត្តតាកែវ និង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​, សាលាដំបូង​ខេត្តកំពត និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត​, សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​, សាលាដំបូង​ខេត្តកោះកុង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មកវិញ​៕


 ពាក្យគន្លឹះ  បង្កើតសាលាឧទ្ធរណ៍

ព័ត៌មានផ្សេងទៀត