ក្រោយទទួលបានការចុះអភិវឌ្ឍន៍រយៈពេល ១៩ ឆ្នាំរបស់អង្គការទស្សនៈពិភពលោក (World Vision ) ដល់ពលរដ្ឋ ភូមិទាំង១៣ ស្រុកខ្សាច់កណ្តាលរួចមក ជីវភាពរបស់ពួកគេចាប់ផ្តើមមានការីកចម្រើន ធូរធារ និងមានការយល់ដឹងច្រើនជាងមុន ។ នេះបើតាមការលើកឡើងរបស់ លោក ទៀក ឃុន មេឃុំសន្លុង នៅក្នុងកម្មវិធីបិទបញ្ចប់គម្រោងរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំស្រុកខ្សាច់កណ្តាលនៅថ្ងៃទី២១ សីហា ឆ្នាំ២០១៩ ។
នៅក្នុងអំឡុងកម្មវិធីអភិវឌ្ឍន៍រយៈពេល១៩ឆ្នាំ អង្គការទស្សនៈពិភពលោក បានវិនិយោគថវិកាសរុបជាង៥លានដុល្លារភូមិគោលដៅទាំង១៣ទទួលបាន គម្រោងសំខាន់ៗ មានជុំវិញការងារការអប់រំ បំណិនជីវិត សុខភាព អាហារូបត្ថម្ភ កិច្ចការពារកុមារ និងការចូលរួម។
លោក ហួត ចំណាន អនុប្រធានការិយាល័យអប់រំប្រចាំស្រុកខ្សាច់កណ្តាល បានថ្លែងអំណរគុណចំពោះការចូលរួមសហការរបស់អង្គការទស្សនៈពិភពលោកក្នុងការផ្សព្វផ្សាយ បំផុសគំនិតប្រជាពលរដ្ឋឱ្យបញ្ជូនកូន មកសាលារៀន ព្រមទាំងបានបង្ហាត់បង្រៀននូវបច្ចេកទេសធ្វើកសិកម្មថ្មីៗ ដែលអាចផ្តល់ឱកាសដល់ពួកគាត់ទទួលបានប្រាក់កម្រៃច្រើនជាងមុន
សំឡេង លោក ហួតចំណាន:
ជាមួយគ្នានេះដែរ អ្នកស្រី ស្រីយ៉ាន់តំណាងសហគមន៍ភូមិថ្មី បានឱ្យដឹងដែរថា គ្រួសាររបស់គាត់ មានការផ្លាស់ប្តូរជាច្រើន ក្រោយពីបានការណែនាំ បង្ហាត់បង្រៀនពីបច្ចេកទេស ដាំដំណាំ សន្សំប្រាក់ និងពតម្លៃនៃការសិក្សាដែល រៀបចំដោយអង្គការទស្សនៈពិភពលោក ទើបអ្នកស្រី មានការផ្លាស់ប្តូរគំនិតតស៊ូបញ្ជូនកូនឱ្យទទួល បានការសិក្សាគ្រប់ៗគ្នា
សំឡេងអ្នកស្រី ស្រីយ៉ាន់ :
របាយការណ៍មួយដែលធ្វើឡើងដោយអង្គការទស្សនៈពិភពលោក កន្លងមកបានឱ្យដឹងថា កាលពី១៩ ឆ្នាំមុន មានកុមារចំនួនត្រឹមតែ៣៨% ប៉ុណ្ណោះ ដែលបញ្ចប់ការសិក្សាថ្នាក់បឋម ប៉ុន្តែបច្ចុប្បន្ន កុមាររហូតដល់ ៩៩% បញ្ចប់ការសិក្សាថ្នាក់បឋម។ចំណែកចំនួនគ្រួសារក្រីកដែលមានលទ្ធភាពប្រើប្រាស់បង្គន់អនាម័យបានកើនឡើងជាលំដាប់ពី៦% ដល់៩៤%នៅឆ្នាំ២០១៩នេះ។ រីឯសហគមន៍៣ដែលមានសមាជិកចំនួន ៨២៩នាក់ មានដំណើរការអាជីវកម្ម និងបានចូលរួមចំណែក ដល់ការអភិវឌ្ឍជីវភាពគ្រួសារ និងសុខុមាលភាពកុមារនៅក្នុង សហគមន៍របស់ពួកគាត់ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក កំពុងបន្តអនុវត្តគម្រោងនេះជាមួយសហគមន៍ជាច្រើនបន្ថែមទៀត នៅក្នុងស្រុកទាំង៣៧ លើខេត្តចំនួន៩ និងរាជធានីភ្នំពេញ ដោយផ្តោតសំខាន់ជុំវិញការងារស្បៀងអាហារ ទឹកស្អាត ការអប់រំ បំណិនជីវិត កិច្ចការពារកុមារ ការអភិវឌ្ឍយុវជន និងកុមារទំនុកបម្រុង៕