ប្រទេសចិនកាលពីថ្ងៃទី២១សីហាបានស្ដីបន្ទោសយ៉ាងខ្លាំង ដល់ការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលបានគ្រោងទុកយ៉ាងធំធេងសម្រាប់កោះតៃវ៉ាន់។ ចិនបានគំរាមនឹងដាក់ទណ្ឌកម្ម ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងការលក់យន្ដហោះចម្បាំងF-16ទៅឲ្យតៃវ៉ាន់។ កាលពីថ្ងៃអង្គារក្រសួងការបរទេសអាមេរិកបានអនុម័តលក់យន្ដហោះចម្បាំងF-16 ចំនួន៦៦គ្រឿងទៅឲ្យកោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់៨ពាន់លានដុល្លារអាមេរិក។ ការអនុម័តនេះបន្ទាប់ពីបានព្រមព្រៀងកាលពីខែមុន ថានឹងលក់សម្ភារយោធាជាច្រើនទៅឲ្យតៃវ៉ាន់។
ការផ្លាស់ប្ដូររបស់អាមេរិកធ្វើឡើងស្របពេលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង កំពុងជាប់គាំងដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតថា ចិននឹងចាត់វិធានការដែលចាំបាច់បំផុត ដើម្បីការពារផលប្រយោជន៍របស់ចិន ក្នុងនោះរួមបញ្ចូលការដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលជាប់ទាក់ទិននឹងការលក់អាវុធឲ្យតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យបន្ថែមថា ការលក់អាវុធរបស់អាមេរិកគឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព រួមទាំងផលប្រយោជន៍សន្ដិសុខរបស់ចិនថែមទៀត។ ចិនថាខ្លួនបានដាក់ការតវ៉ាខាងការទូត ប្រឆាំងនឹងកិច្ចព្រមព្រៀងនេះរួចហើយកាលពីថ្ងៃទី២១សីហា។ ចិនសូមទទូចឲ្យអាមេរិកបញ្ឈប់ផែនការលក់អាវុធឲ្យតៃវ៉ាន់ជាបន្ទាន់ និងកាត់ផ្ដាច់ទំនាក់ទំនងយោធាជាមួយដែនកោះមួយនេះ។
ផែនការធ្វើទំនើបកម្មវិស័យការពារដែនអាកាសរបស់តៃវ៉ាន់ ធ្វើឡើងស្របពេលចិនកំពុងបង្កើនសកម្មភាពយោធានៅក្នុងដែនអាកាសរបស់តៃវ៉ាន់។ សម្រាប់ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់គឺជាដែនដីមួយរបស់ខ្លួន ដូច្នេះចិនមិនគិតថាជារឿងខុសឆ្គងឡើយ ព្រោះចិនចង់ឲ្យមានការបង្រួបបង្រួម។ យ៉ាងណាក៏ដោយតៃវ៉ាន់សឹងតែអាចធ្វើជាប្រទេសមួយបានទៅហើយ គ្រាន់តែចិនមិនយល់ព្រមប៉ុណ្ណោះ តៃវ៉ាន់ក៏ជាសម្ព័ន្ធមិត្ដជិតស្និទ្ធបំផុតមួយរបស់អាមេរិក មិនចង់ឃើញការឈ្លានពានរបស់ចិនឡើយ។
សូមបញ្ជាក់ថា តៃវ៉ាន់មានយន្ដហោះប្រភេទF-16នេះរួចហើយ ដែលបានទិញពីអាមេរិកកាលពីឆ្នាំ១៩៩២ និងទើបបានត្រួតពិនិត្យបច្ចេកទេសសំខាន់ៗឡើងវិញ។ ក្រុមហ៊ុនLockheed Martinបាននិយាយថា យន្ដហោះចម្បាំងF-16ស៊េរីថ្មី F-16 Block 70/72 រួមបញ្ចូលបច្ចេកវិទ្យារឹតតែទំនើបដែលយន្ដហោះស៊េរីមុនគ្មាន។ ក្នុងនោះមានដូចជាបច្ចេកវិទ្យាអាកាសចរណ៍ អាវុធ និងបច្ចេកវិទ្យារ៉ាដា។ យន្ដហោះស៊េរីថ្មីនេះមានរចនាសម្ព័ន្ធរឹងមាំជាងមុន ដូច្នេះវាអាចហោះហើរនិងប្រើប្រាស់ក្នុងការប្រយុទ្ធដល់ឆ្នាំ២០៧០ឬលើសពីនេះ៕