កូរ៉េខាងជើង​៖​​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​​និង​ការផ្លាស់ប្ដូរ​​យោធា​​របស់​អាមេរិក​​ជា​សញ្ញា​​គ្រោះថ្នាក់​

22-08-2019 9:10 am 219
រូបភាព​ធ្វើតេស្ដមីស៊ីលអាមេរិក

​អ្នកនាំពាក្យ​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់​សហ​រដ្ឋ​អាមេរិក និង​ផែនការ​ដាក់ពង្រាយ​យន្ដហោះ​ចម្បាំង​F-35 រួមទាំង​សម្ភារ​យោធា​ជាច្រើន​ទៀត​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ គឺជា​សញ្ញា​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ប្រកបដោយ​គ្រោះថ្នាក់​។ វា​ក៏​អាច​ក្លាយជា​សង្គ្រាមត្រជាក់​ថ្មី​មួយ​នៅក្នុង​តំបន់​នេះ​ផងដែរ​។ មន្ដ្រី​អ្នកនាំពាក្យ​ដដែល​បន្ថែមថា កូរ៉េខាងជើង​នៅតែ​មិន​ផ្លាស់ប្ដូរ​ឡើយ គោលជំហរ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការចរចា ប៉ុន្ដែ​ការចរចា​ដែល​អមដោយ​ការគំរាមកំហែង​ពី​យោធា ពិតជា​គ្មាន​ប្រយោជន៍​សម្រាប់​កូរ៉េខាងជើង​ឡើយ​។​

​ដំណើរការ​ការងារ​ដើម្បី​រៀបចំ​កិច្ចចរចា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង នៅ​មិនទាន់​បានចាប់ផ្ដើម​ជាថ្មី​ទេ ចាប់តាំងពី​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​ក្នុងប្រទេស​វៀតណាម​កាល​ពី​ខែកុម្ភៈ​ត្រូវ​ជាប់គាំង​។ កិច្ច​ជំនួប​កាលនោះ​បិទ​បញ្ចប់​ទាំង​បរាជ័យ​។ បន្ទាប់មក​លោក​ត្រាំ​បាន​ជួប​ជាមួយ​លោក​គីម​ម្ដងទៀត​ក្នុង​ខែមិថុនា​នៅ​ព្រំដែន​កូរ៉េ ហើយ​បាន​ព្រមព្រៀង​ឲ្យ​បើ​កកិច្ចចរចា​ឡើងវិញ​។ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ នៅ​ពុំទាន់​ឃើញ​លទ្ធផល​ផ្លែផ្កា​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត