EU​សម្រេច​ជួយ​ដល់​វិស័យ​ជលផលនៅកម្ពុជាជាង​១៣៥​លាន​ដុល្លារ​

21-08-2019 7:25 pm 344
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កសិកម្ម  រុក្ខ​ប្រមាញ់ និង​នេសាទ និង​សហភាព​អឺរ៉ុប បាន​រៀបចំ​ពិធីបិទ ​កម្មវិធីជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន នៃ​អនុវិស័យ​ជលផល និង​ផលិតកម្ម​បសុសត្វ​និង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី ២១ ខែ សីហា​នេះ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប រួម​ជាមួយនឹង​ដៃគូ​អឺរ៉ុប គឺជា​ដៃគូ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សហភាព​អឺរ៉ុប​ទើបតែ​អនុម័ត​កម្មវិធី​ថ្មី​ឈ្មោះ​ថា “​កម្មវិធី​អភិវឌ្ឍន៍​អនុវិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​គម្រោង​ទាំង​២​នេះ​រួមមាន​៖

ទី​១៖ ការជំរុញ​កំណើន​វិស័យ​វារីវប្បកម្ម​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន​នៃ​វារីវប្បកម្ម (CAPFISH-Aquaculture)» ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ជាមួយ​សហគមន៍​អឺរ៉ុប (EU) និង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រាប់​៦​ឆ្នាំ (២០១៨-២០២៣) ថវិកា​២៥​លាន​អឺរ៉ូ​។​

​ទី​២៖ ការជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប ដោយ​ចីរភាព និង​បរិយាប័​ន្ន​៖ សមាសភាគ​ការនេសាទ (CAPFISH-Capture) ជា​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់ EU ថវិកា​៨៧​លាន​អឺរ៉ូ និង​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ជាមួយ EU នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ សម្រាប់​៥​ឆ្នាំ (២០១៩-២០២៣)​។​

សំឡេង​

​លោក George Edgar អគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​សម្តែង​ភាព​រីករាយ ក្នុងនាម​ដៃគូ​អភិវឌ្ឍ​រយៈពេល​វែង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ឃើញ​សមិទ្ធផល​ដ៏​មាន​តម្លៃ​ជាច្រើន កើតចេញ​ពី​កម្មវិធី​ខាងលើ ដែល​បាន​ចូល​រួមចំណែក​អភិវឌ្ឍ​វិស័យ​ជលផល និង​ផលិតកម្ម​សត្វ ដោយ​បាន​ផ្តល់​ប្រយោជន៍ ដោយ​ត្រង់​ឲ្យទៅ​កសិករ​ខ្នាតតូច នៅ​ទូទាំង​ប្រទេស​។​

លោក​បន្ថែមថា រូបលោក​ក៏ដូចជា​សហភាព​អឺរ៉ុប ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​នេះ ដោយ​ស្មើភាព​គ្នា តម្លាភាព ចីរភាព និង​និរន្តរភាព នៃ​ធនធាន​ធម្មជាតិ​បឹង​ទន្លេសាប និង​សមុទ្រ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​។​

​លោក​ម៉ក់ មុនី ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ នៃ​វិស័យ​ជលផល បានបញ្ជាក់​ថា ដើម្បី​ឲ្យ​គម្រោង​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប សម្រេច​ទៅ​បាន ត្រូវ​លើកកម្ពស់​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​។ បង្កើន​ផលិតផល​សាច់​ឲ្យ​កើន​ពី​២៤០​ពាន់​តោន​នា​ឆ្នាំ​២០១៩ ដល់​២៧០​ពាន់​តោន នៅ​ឆ្នាំ​២០២៣(​កំណើន​៣%​ក្នុង​១​ឆ្នាំ​) និង​បង្កើន​អត្រា នៃ​ការចិញ្ចឹម​ជា​លក្ខណៈ​ពាណិជ្ជកម្ម ឲ្យ​កើន​ពី​២៣% នា​ឆ្នាំ​២០១៩ ដល់​៣០% នៅ​ឆ្នាំ​២០២៣ ព្រមទាំង​កាត់​បន្ថយ​អត្រា​ជំងឺឆ្លង​សត្វ​នៅក្រោម​៥% នៅ​ឆ្នាំ​២០២៣​។ លោក​បន្ថែមថា ទន្ទឹមនឹងនេះ ក៏​ត្រូវ​គ្រប់គ្រង​ធនធាន​ជលផល និង​ការអភិវឌ្ឍន៍​វារីវប្បកម្ម​ផងដែរ​។​

​សំឡេង​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​តំណាង​ឲ្យ​សហគមន៍​ចិញ្ចឹមសត្វ និង​ជលផល មកពី​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ និង​ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ឡើង​បង្ហាញ​ពី​ចំណាប់អារម្មណ៍ ជុំវិញ​ការអនុវត្ត​នូវ​គម្រោង ដោយ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​។ ទន្ទឹមនឹងនេះ តំណាង​ប្រជាពលរដ្ឋ​ទាំងនេះ បាន​សំណូមពរ និង​អំពាវនាវ​ដល់​ក្រសួង​កសិកម្ម និង​សហភាព​អឺរ៉ុប បន្ត​អនុវត្ត និង​គាំទ្រ​បន្ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ពឹងផ្អែក​លើ​វិស័យ​ជលផល និង​បសុសត្វ​នេះ​។​

សំឡេង​

​សូមបញ្ជាក់​ថា លោក George Edgar សង្ឃឹម និង​ជឿជាក់​ថា ជំនួយ​ហិរញ្ញវត្ថុ​នេះ នឹង​ជួយ​ក្រសួង​ដៃគូ​អភិវឌ្ឍ​ភាគី​ពាក់ព័ន្ធ និង​ជា​ពិសេស​សហគមន៍​នេសាទ ក្នុង​ការសហការ​គ្នា​យ៉ាង​សកម្ម​ហ្មត់ចត់ ដើម្បី​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ជន​ផល​ទាំង​ទឹកសាប និង​សមុទ្រ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ផ្តល់​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​កាន់តែ​ប្រសើរ​ឡើង​៕

ព័ត៌មានផ្សេងទៀត