ចិន​ប្រកាស​គាំទ្រ​កម្ពុជា ចំពោះ​ការបិទ​ល្បែងស៊ីសង​តាម​អន​ឡាញ​

21-08-2019 5:18 pm 199
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​Geng Shuang​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាងថា ការសម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ​មាន​អាជីវ​កម្ម ល្បែងស៊ីសង​តាម​ម៉ាស៊ីន​អេឡិចត្រូនិច​អនឡាយ ( Internet Online) នឹង​ជួយ​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។ ក្រៅពីនោះ វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​របៀបនេះ នឹង​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ផ្នែក​ការអនុវត្ត​ច្បាប់ និង​លើកស្ទួយ​ទំនាក់ទំនង​ជា​មិត្តភាព រវាង​ប្រទេស​ចិន​និង​កម្ពុជា​ផងដែរ​។ សម្រាប់​ចិន បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ផ្នែក​អនុវត្ត​ច្បាប់​និង​សន្តិសុខ កាន់តែ​ស៊ីជម្រៅ​ថែមទៀត សម្រាប់​ជា​ប្រយោជន៍​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ប្រមុខរ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បាន​ចុះហត្ថលេខា លើ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ឈប់​ការ ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេឡិចត្រូនិ​ចអន​ឡាញ (Internet Online) ទាំង​ក្នុង និង​ក្រៅប្រទេស​។ បម្រាម​នេះ ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ជូនដំណឹង គឺ​ថ្ងៃទី​១៨​ខែ​សីហា តទៅ​។​

​ការចេញ​សារាចរ​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​សង្កេតឃើញ មាន​សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិច តាមរយៈ​អ៊ី​ន​ធើ​ណេត ក្នុង​និង​ក្រៅប្រទេស​មួយចំនួន ដែល​បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។ ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់ ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​។​

​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន ដែល​ជ្រក​ក្រោម​ស្លាក​ល្បែងភ្នាល់​តាម​អ៊ី​ន​ធើ​ណេត ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​ទាំងនោះ ក៏មាន​ជន​ជាតិចិន​ដែរ​។ កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់​ជនជាតិ​ចិន​ចំនួន​១២៧​នាក់​នៅ​ខេត្ត​ព្រះសីហនុ​។ ជនជាតិ​ចិន​ទាំងនេះ មាន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​នេះឯង​។ កាលពី​ចុង​ខែមិថុនា សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជន​ជាតិចិន ចំនួន​៦៣​នាក់ ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ខុសច្បាប់ និង​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បញ្ជូនទៅ​ប្រទេស​ចិន​វិញ​៕


 ពាក្យគន្លឹះ  ចិនល្បែងអនឡាញ

ព័ត៌មានផ្សេងទៀត