កម្ពុជា​-​វៀតណាម​ ចុះហត្ថលេខា​​លើ​កំណត់ហេតុ​ប្រជុំ​​គណៈកម្មការ​​ចម្រុះ​ជាមួយគ្នា​​

21-08-2019 4:46 pm 125

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​សម​ភាគី​វៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេស​វៀតណាម បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពង្រីក​បន្ថែម​នូវ​វិសាលភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។ 

​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​ក្នុង​គោលបំណង ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រីក​ថែមទៀត​នូវ​វិសាលភាព និង​ប្រសិទ្ធិភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​វិស័យ​នានា​។ 

​កិច្ចប្រជុំ​នេះ ក៏​នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ ធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ជួយ​លើកកម្ពស់​ថែមទៀត នូវ​ចំណងមិត្តភាព​ជា​ភាតរៈ​យូរអង្វែង និង​ភាពជា​អ្នកជិតខាង​ល្អ រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​សកលលោក​។​

​សូមបញ្ជាក់ថា លោក​ផាម ប៊ិញ​មិញ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​២០ សីហា ហើយ​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រួចហើយ មុន​ចូលរួម​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​១៧​នៅថ្ងៃនេះ​។ ក្នុងជំនួប​ជាមួយ​លោក​ហ៊ុន សែន ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា ដើម្បី​ជំរុញ​បន្ថែម​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក​ហ៊ុន សែន ក៏​គ្រោង​នឹង​ទៅ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នាពេលខាងមុខ ដោយ​លោក​ក៏​បានស្នើ​ដល់​វៀតណាម រៀបចំ​ឱ្យមាន​វេទិកា​ធុរកិច្ច​កម្ពុជា​-​វៀតណាម នៅ​ទីនោះ ដើម្បី​ជា​ឱកាស​កៀរគរ​អ្នកវិនិយោគ​វៀតណាម​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែច្រើន​៕

 ពាក្យគន្លឹះ  កម្ពុជាវៀតណាម

ព័ត៌មានផ្សេងទៀត