ប្រពលរដ្ឋរស់នៅសហគមន៍មួយ ក្នុងរាជធានីភ្នំពេញ ព្រួយបារម្ភខ្លាចអាជ្ញាធរបណ្ដេញពួកគេចេញពីលំនៅឋាន ដែលអាជ្ញាធរបានចោទពួកគេថា រស់នៅលើប្រឡាយស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រឡាយ០៣។ ការព្រួយបារម្ភនេះធ្វើឱ្យពួកគេរសាប់រសល់ក្នុងចិត្ត រហូតលើកគ្នាមកតវ៉ានៅសាលាក្រុងភ្នំពេញ ដើម្បីស្នើសុំឱ្យអាជ្ញារកដំណោះស្រាយជូនពួកគេ។
ប្រជាពលរដ្ឋសហគមន៍តាតុក ប្រមាណជា៥០នាក់ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឡើងមកតវ៉ាស្នើសុំជួបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីស្នើឱ្យឃ្វៀលដីសហគមន៍តាតុកចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ០៣ អភិវឌ្ឍន៍ប្រឡាយ០៣ តាមផែនការអភិវឌ្ឍន៍ជម្រើសរបស់ប្រជាពលរដ្ឋ និងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់សហគមន៍របស់ពួកគេ។ ប៉ុន្តែការសុំជួបនេះមិនបានឡើយដោយសារតែមន្ត្រីសាលារាជធានីភ្នំពេញ ឱ្យប្រជាពលរដ្ឋទៅដោះស្រាយជាមួយអាជ្ញាធរខណ្ឌដង្កោ ក្រោយពីមន្ត្រីអាជ្ញាធរខណ្ឌដង្កោមកទទួលញត្តិ និងស្នើប្រជាពលរដ្ឋទៅដោះស្រាយនៅខណ្ឌវិញ។
យ៉ាងណាក៏ដោយបើតាមការអះអាងពីតំណាងសហគមន៍អ្នកស្រី ប៉ោ ស្រីម៉ៅ បានឱ្យដឹងថា ការឡើងមកតវ៉ាដល់សាលាក្រុងភ្នំពេញនៅថ្ងៃទី២១ ខែសីហានេះ ដោយសារសំណើរបស់ប្រជាពលរដ្ឋកន្លងមក មិនមានដំណោះស្រាយ ដូច្នេះទើបពួកគេឡើងមកតាមដានសំណើរបស់ពួកគេ និងសុំជួបអភិបាលក្រុងផ្ទាល់តែម្ដង។ អ្នកស្រីបន្តថា កន្លងមកសាលារាជធានីភ្នំពេញថា នឹងបង្កើតគណៈកម្មការដើម្បីចុះទៅសិក្សានៅកន្លែងសហគមន៍ដោយផ្ទាល់ តែបែរជាស្ងាត់ទៅវិញ……………
សំឡេងអ្នកស្រីប៉ោ ស្រីម៉ៅ៖
ប្រជាពលរដ្ឋមួយរូបទៀតគឺ ឈ្មោះស្រី ពៅ បានបញ្ជាក់ថា ពួកគេបានមករស់នៅទីតាំងខាងលើនេះជាង២០ឆ្នាំមកហើយ ដោយពួកគេសម្អាងថា មានចាស់ៗរស់នៅទីនោះជាសាក្សី។ ប៉ុន្តែពួកគេមិនមានឯកសារណាបញ្ជាក់ទទួលស្គាល់ដឹងលឺពីអាជ្ញាធរឡើយ។ ដោយឡែកមន្ទីរសុរិយោដី បានចោទប្រកាន់ប្រជាពលសហគមន៍តាតុកថា រស់នៅលើប្រឡាយ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រឡាយ០៣ របស់អាជ្ញាធរក្រុង តែត្រូវប្រជាពលរដ្ឋបដិសេធ…………
សំឡេងស្រីពៅ៖
ក្រោយពីព្រមព្រៀងត្រឡប់ទៅដោះស្រាយនៅខណ្ឌដង្កោវិញ ប្រជាពលរដ្ឋសហគមន៍តាតុក បានព្រមានថា ពួកគេនឹងឡើងមកតវ៉ានៅសាលាក្រុងភ្នំពេញម្ដងទៀត ប្រសិនបើអាជ្ញាធរខណ្ឌដង្កោ មិនដំណោះស្រាយជូនពួកគេ។ តែអាជ្ញាធរសាលាក្រុងភ្នំពេញ បានពន្យល់ពលរដ្ឋថា ការរកដំណោះស្រាយ មិនងាយបានភ្លាមៗតាមអ្វីដែលប្រជាពលរដ្ឋចង់បាននោះទេ វាទាមទារប្រើរយៈពេលយូរ៕