មេដឹកនាំហុងកុងលោកស្រីខារី ឡាមបាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីសង្ឃឹមការតវ៉ាដោយសន្ដិភាពប្រឆាំងរដ្ឋាភិបាលកាលពីចុងសប្ដាហ៍មុន គឺជាការចាប់ផ្ដើមមៃកិច្ចខិតខំប្រឹងប្រែងស្ដារភាពស្ងប់ស្ងាត់ឡើងវិញ។ លោកស្រីក៏បើកឱកាសសម្រាប់ការចរចាជាមួយក្រុមបាតុករផងដែរ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមានមនុស្សរាប់ពាន់នាក់នាំគ្នាប្រមូលផ្ដុំ ដែលជាសប្ដាហ៍ទី១១គិតតាំងពីផ្ទុះបាតុកម្មនៅហុងកុង។
លោកស្រីខារី ឡាមបាននិយាយថា លោកស្រីសង្ឃឹមយ៉ាងស្មោះត្រង់ថានេះគឺជាការចាប់ផ្ដើមធ្វើឲ្យសង្គមមានសន្ដិភាពឡើងវិញ និងរុញច្រានអំពើហិង្សាទៅឲ្យឆ្ងាយ។ លោកស្រីថានឹងចាប់ផ្ដើមការងារជាបន្ទាន់ ដើម្បីបង្កើតឲ្យមានកិច្ចចរចា ដែលកិច្ចចរចានឹងផ្អែកលើការគោរពនិងយោគយល់គ្នាទៅវិញទៅមក។ វាជាការស្វែងរកផ្លូវមួយសម្រាប់ហុងកុងនាពេលបច្ចុប្បន្ន ដើម្បីដើរចេញពីភាពចលាចល។
កំហឹងបានផ្ទុះឡើងនៅហុងកុងតាំងពីថ្ងៃទី០៩ខែមិថុនា ប្រឆាំងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន។ សេចក្ដីព្រាងច្បាប់អនុញ្ញាតឲ្យបញ្ជូនជនសង្ស័យទៅកាត់ទោសនៅចិន ប៉ុន្ដែក្រុមបាតុករគាំទ្រប្រជាធិបតេយ្យថាធ្វើបែបនេះ អាចប៉ះពាល់ដល់សិទ្ធិសេរីភាព ពិសេសជនសង្ស័យអាចរងនូវអំពើអយុត្ដិធម៌នានា។ ការតវ៉ាក៏រីករាលដាលកាន់តែធំ រហូតផ្ទុះអំពើហិង្សាបណ្ដាលឲ្យមនុស្សរបួសជាច្រើននាក់ និងចាប់ខ្លួនរាប់រយនាក់ទៀត។ បច្ចុប្បន្ននៅពុំទាន់មានសញ្ញាបង្ហាញថា ការតវ៉ាអាចនឹងបញ្ចប់បាននោះទេ។
ចិនបានព្រមានកាលពីសប្ដាហមុនដែរថា ខ្លួននឹងមិនអង្គុយមើលភាពចលាចល ដែលកំពុងកើតឡើង នៅក្នុងទីក្រុងហុងកុងនោះទេ ខណៈដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបង្ហាញការព្រួយបារម្ភចំពោះហានីភ័យ នៃការឆ្លើយតបដោយហិង្សាចំពោះការតវ៉ា។ លោក ត្រាំ បានជំរុញសមភាគីចិនឲ្យជួបជាមួយក្រុមបាតុករ។
ចំណែកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកចន ប៊ុលតុនបានព្រមានក្រុងប៉េកាំង ប្រឆាំងនឹងការប្រើវិធានការបង្ក្រាបលើក្រុមបាតុករនៅហុងកុង ដូចអ្វីដែលចិនធ្លាប់ចាត់វិធានការបង្ក្រាបយ៉ាងសាហាវ ទៅលើក្រុមបាតុករនៅទីលានធានអានមេនក្នុងក្រុងប៉េកាំងកាលពីឆ្នាំ១៩៨៩។ ឆ្លើយតបនឹងការលើកឡើងរបស់លោកចន ប៊ុលតុន ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនបានចុះផ្សាយដោយបង្ហាញការប្តេជ្ញាចិត្តថា នឹងមិនមានរឿងដដែលៗកើតឡើងជាថ្មី ដូចនៅទីលានធានអានមេននោះទេ៕