លោក​ហ៊ុន សែន​ ស្នើ​កូរ៉េ ​បន្ត​នាំ​កសិផល​កម្ពុជា​ ចូល​ទៅកាន់​​ទីផ្សារ​កូរ៉េ​ បន្ថែមទៀត​​

21-08-2019 3:16 pm 136

​ក្នុងជំនួប​ជាមួយ​លោក​អូ ណាក់​យ៉ុង​(Oh Nak-young) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អណត្តិ​នៅ​ថ្ងៃទី​២១ សីហា នេះ លោក​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើយ៉ាងណា​ពង្រីក និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​កាន់តែ​កើនឡើង​ថែមទៀ​ត ដោយ​ស្នើឲ្យ​ភាគី​កូរ៉េ​បន្ត​ការនាំចូល​នូវ​ផលិតផល​កសិផល​របស់​កម្ពុជា ចូល​ទៅកាន់​ទីផ្សារ​កូរ៉េ គ្រា​ដែល​កម្ពុជា​មាន​សក្តានុពល​ជាច្រើន​ទៅលើ​ផលិតផល​កសិកម្ម ដូចជា​ស្វាយ​ជាដើម​។ ក្នុងនោះ លោក​ហ៊ុន សែន បាន​ប្រាប់​ភាគី​កូរ៉េ​ថា លោក​ក៏​ចង់ឃើញ​កូរ៉េ បង្កើន​ការវិនិយោគ​មកកាន់ កម្ពុជា​ថែមទៀត​។​

​លោក​ហ៊ុន សែន សម្តែង​ក្តី​សោមនស្ស ដោយ​មើលឃើញថា ការវិនិយោគ ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ការរីកចម្រើន គួរឲ្យកត់សម្គាល់ ប៉ុន្តែ​លោក​ចង់ឃើញ​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ការកើនឡើង​ថែមទៀត​។ 

​លោក​អូ ណាក់​យ៉ុង ក៏​ទទួលស្គាល់ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​។ លោក​បញ្ជាក់​ផងដែរ គឺ​នៅ​ខែវិច្ឆិកា ខាងមុខ អាស៊ាន និង​កូរ៉េ នឹង​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​នឹង​គ្នា​នៅ​ប្រទេស​កូរ៉េ គ្រា​ដែល​បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​កិច្ចសន្ទនា​អាស៊ាន​-​កូរ៉េ​។ ក្នុងតួនាទី​នេះ កម្ពុជា​មាន​តួនាទី​សំខាន់​នៅក្នុង​កិច្ចការងារ​រវាង​អាស៊ាន និង​កូរ៉េ នេះ​។ 

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្ហើប​ប្រាប់​សម​ភាគី នូវ​ចំណុច​មួយចំនួន ដែល​កម្ពុជា និង​កូរ៉េ ត្រូវតែ​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ថែមទៀត ដូចជា​កម្រិត​ទ្វេភាគី ដោយ​ត្រូវ​ពង្រឹង ឱ្យ​កាន់តែ​ខ្លាំងក្លា​រឹងមាំ​។ លោក​ហ៊ុន សែន លើកឡើងថា បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨​ពាន់​នាក់​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ ហើយ​មាន​ប្រមាណ ៤០០​នាក់​មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ ដូច្នេះ​មានន័យថា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជនមាន​ការកើនឡើង​។ 

​លោក​ហ៊ុន សែន និយាយថា លោក​ចង់ឃើញ​ទំនាក់ទំនង​ទ្វេភាគី​នេះ​មិនមែន​ត្រឹមតែ​ការវិនិយោគ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន ថែមទៀត​។ 

​គួរកត់សម្គាល់​ដែរថា បច្ចុប្បន្ននេះ ពលករ​របស់​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ការកើនឡើង ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​នាំ​ចំណូល​ជាច្រើន​មកដល់​គ្រួសារ នៅ​កម្ពុជា​និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។ ជាពិសេស ពលករ​ទាំងនោះ បាន​រៀនសូត្រ និង​ទទួល​បទពិសោធន៍​ពី​ប្រទេស​កូរ៉េ បង្កើន​សមត្ថភាព ពេល​ត្រឡប់ មក​ស្រុកកំណើត​វិញ​។ 

​តាមរយៈ​លោក​អូ ណាក់​យ៉ុង​(Oh Nak-young) លោក​ហ៊ុន សែន បញ្ជាក់ប្រាប់​ភាគី​កូរ៉េ​ថា លោក​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ពេលខាងមុខ ប៉ុន្តែ​មិនទាន់បាន​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនទូតកូរ៉េ

ព័ត៌មានផ្សេងទៀត