កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោកទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ ក៏បានស្នើឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា លោក ហូរីណូអូជិ ហ៊ីដេហ៊ីហ្សា (Horinouchi Hidehisa)ដែលចប់អាណត្តិនៅកម្ពុជា ជួយកៀងគរវិនិយោគិនពីប្រទេសជប៉ុន មកបណ្តាក់ទុនលើការផលិតគ្រឿងបង្គុំ និងសម្ភារទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងពង្រីកការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ បន្ថែមទៀត។
«កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់។ ដូច្នេះបើសិនមានក្រុមហ៊ុនផលិតកង់ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជាការប្រសើរ ពីព្រោះកម្ពុជាកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥»។ នេះជាប្រសាសន៍របស់លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ដែលបានចប់អាណត្តិកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក ឯកអគ្គរាជទូត និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើភាគីជប៉ុន បន្តជួយគាំទ្រការអភិវឌ្ឍកម្ពុជាថែមទៀត រាប់តាំងពីវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ជាការឆ្លើយតប លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានសម្តែងសេចក្តីសោមន្ស ចំពោះវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន និង កំណែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិនិយោគិនជប៉ុន ជាពិសេសការនាំចូលទំនិញនៅតាមមាត់ច្រកព្រំដែន។
លោក ឯកអគ្គរាជទូត ក៏បានសន្យាបន្តជួយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញវិនិយោគិនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់ច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាជន និងចូលរួមកាត់បន្ថយភាពក្រីក្រ៕