រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជា​ង​៥៥០​លាន​ដុល្លារ​ដល់​កម្ពុជា​

21-08-2019 11:56 am 46
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​អាណត្តិ​បី​ឆ្នាំ​នៃ​ការបំពេញ​បេស​សកម្ម​ការទូត​របស់​លោក Hidehisa HORI NOUCHI កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​(Japan ODA) មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង​៥៥០​លាន​ដុ​លា្ល​រ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ប្រមាណ​ជិត ១៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​។ 

​រយៈពេល​បី​ឆ្នាំ​(២០១៦-២០១៩) នៅក្នុង​ការបំពេញ​បេស​សកម្ម​របស់​លោក Hidehisa HORI NOUCHI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បំពេញ​ភារកិច្ច និង​តួនាទី​យ៉ាង​សំខាន់​ជួយ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ទាំង​ក្នុង​ទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ពិសេស​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៥៥០ លាន​ដុ​លា្ល​រ​អាមេរិក​។​

​ខណៈ ហ​រិញ្ញ​ប្បទាន​ឥត​សំណង​ប្រមាណ​ជិត ១៥០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការគាំទ្រ​លើ​វិស័យ​ជាច្រើន​មាន​ជាអាទិ៍ ផ្លូវ ស្ពាន ការផ្គត់ផ្គង់​ទឹកស្អាត ថាមពល​អគ្គីសនី ការអប់រំ សុខាភិបាល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា និង​ទឹកប្រាក់​ប្រមាណ​ជាង ៤០០​លាន​ដុ​លា្ល​រ​អាមេរិក ជា​ឥណទាន​សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម ដល់​គម្រោង​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ស្ពាន​ព្រែក​ក្ដាម​-​ក្រុង​ប៉ោយប៉ែត​) គម្រោង​អភិវឌ្ឍ​ចំណត​កុងតឺន័រ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គម្រោង​ស្ដារ​ប្រព័ន្ធធារាសាស្ត្រ​ឡើងវិញ និង​គម្រោង​ពង្រីក​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គីសនី​។​

​ទន្ទឹមនឹងនេះ នៅក្នុង​ឆ្នាំ ២០១៨ ទំហំ​នៃ​ការវិនិយោគ​ឯកជន​ពី​ប្រទេស​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ៤៤០ ដុល្លារ​អាមេរិក ខណៈ​ការនាំ​ចេញ​ទៅ​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០០ លាន​ដុល្លារ​អាមេរិក ហើយ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ ២០១៩​នេះ ទំហំ​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ជប៉ុន មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត ៥០០ លាន​ដុល្លារ​អាមេរិក ខណៈ​ការនាំចេញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៧០០ លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​លោក Hidehisa HORI NOUCHI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចប់​អាណត្តិ​ក៏ដោយ តែ​ជប៉ុន​នៅតែ​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់​ការទូត និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា រួម​ទាំង​បន្ត​គាំទ្រ​ផ្នែក​ហរិញ្ញវត្ថុ និង ផ្នែក​បច្ចេកទេស ដើម្បី​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ ការ​វិនិយោគសាធារណៈ និង ឯកជន​នានា​នៅ​កម្ពុជា​៕​

ព័ត៌មានផ្សេងទៀត