យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី ១៩ខែសីហាបានឲ្យដឹងថានៅថ្ងៃទី២១ ខែសីហា នេះ ក្រសួងបានរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) ដែលសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅសណ្ឋាគារសុខាភ្នំពេញ ដែលនេះគឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារអន្តរជាតិដ៏ធំលើកដំបូងនៅកម្ពុជា។
បើតាមក្រសួងទេសចរណ៍ ការរៀបចំសន្និសីទអន្តរជាតិលើកទី១នេះ គឺធ្វើឡើងដើម្បីលើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព មានគោលដៅ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ម្ហូបអាហារ និងផលិតផលខ្មែរឱ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សូមបញ្ជាក់ដែរថា នៅក្នុងសន្និសីទអន្តរជាតិនេះដែរ ក៏មានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែរ៕