លោកស ខេង អំពាវនាវឲ្យអ្នកបើកបរម៉ូតូ បន្តពាក់មួកសុវត្ថិភាព

21-08-2019 11:40 am 160

លោកស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បន្តពាក់មួក​សុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព ខ្លួនឯង ពេលធ្វើដំណើរផង និងជៀសផុតពីការ​ផាកពិន័​យ ​របស់​នគរបាលផង។

ការអំពាវនាវនេះ បន្ទាប់ពីយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព នៅទូទាំងប្រទេសរយៈ​ពេល១​ខែ បានបញ្ចប់កាលពីពេលថ្មីៗនេះ។ លោកស ខេង បានសរសេរនៅលើទំព័រ​ហ្វេសប៊ុ​ក កាលពីថ្ងៃទី២០ ខែសីហា ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរ តាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេស ក្នុងរយៈពេលពេញមួយ១ខែមកនេះ ដែល បានធ្វើអត្រាអ្នកស្លាប់ និងរងរបួសមានការថយចុះ និងធ្វើឲ្យអ្នកដំណើរតាមម៉ូតូ បានពាក់មួកសុវត្ថិភាពជាច្រើនម៉ឺននាក់។

របាយការណ៍ស្ដីពីលទ្ធផល នៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា សមត្ថកិច្ចនគរបាលចរាចរណ៍ ដោយមានការសហការពី នគរបាល អន្តរាគមន៍ និងកម្លាំងកងរាជអាវុធហត្ថ បានត្រួតពិនិត្យអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ សរុបចំនួន ២៧៣.៧១៩នាក់ ដោយបានបង្ខំអ្នកមិនពាក់មួកសុវត្ថិភាពឲ្យពាក់មួកសុវត្ថិភាពបានចំនួន ១០៧.៤១២នាក់ ស្មើនឹង ៣៩ភាគរយ ។

ជាក់ស្ដែងណាស់ ការប្រៀបធៀបអំពីតួលេខ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល១ខែនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ទៅនឹងរយៈពេលដូចគ្នាមុនពេលរឹតបន្តឹងឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣២៨លើក ថយចំនួន ៤លើក ស្មើ ១ភាគរយ, អ្នកជិះម៉ូតូស្លាប់ចំនួន ១១៤នាក់ ថយ៤នាក់ ស្មើ៣ភាគរយ, អ្នកជិះម៉ូតូរបួសចំនួន ៣៤៣នាក់ ថយ ១៥នាក់ ស្មើនឹង ៤ភាគរយ ។

ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដដែល លោកឧបនាយករដ្ឋមន្រ្ដីស ខេង បានស្នើសុំការយល់យោ​គអធ្យាស្រ័យ ចំពោះការដាក់ចេញវិធានការ ឃាត់ទុកមធ្យោបាយធ្វើដំណើរ ដើម្បីតម្រូវឲ្យ​ទិ​ញ ឬរកមួកសុវត្ថិភាពមកពាក់ ឲ្យបានត្រឹមត្រូវមុន នឹងអនុញ្ញាតឲ្យបន្តដំណើរ និងសូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ប្រកបដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹក ខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់ ។

យ៉ាងណាក៏ដោយ លោកស ខេង ថា”ទោះបីជាការអនុវត្តយុទ្ធនាការរឹតបន្តឹង ការពាក់មួកសុវត្ថិភាពមួយខែមកនេះ ទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមរណៈ និងរបួសនៅតែមានចំនួនច្រើន ដោយពុំ ទាន់មានសញ្ញាថមថយនៅឡើយទេ ដែលនេះគឺជាក្ដីកង្វល់ដ៏ធំ និងគួរឲ្យសោកស្ដាយបំផុតមួយ ពីព្រោះប្រទេសជាតិ យើងរួចផុតពីភ្លើងសង្គ្រាម និងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែបែរជាមានពលរដ្ឋស្លាប់ និងរងរបួសច្រើន ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ថ្ងៃទៅវិញ”។

លោកស ខេង បានសរសេរបញ្ជាក់ ថា”ក្នុងន័យនេះ ក្នុងនាមប្រធានប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទាំងអស់ សូមបន្តពាក់ មួក សុវត្ថិភាព ហើយសម្រាប់អ្នកដែលមិនទម្លាប់ សូមផ្លាស់ប្ដូរឥរិ​យាបទដោយងាកមកពាក់មួកសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពពេលធ្វើដំណើរ និងចៀសផុតពីការផាកពិន័យ ពីព្រោះចាប់ពីថ្ងៃទី២០ ខែសីហានេះតទៅ សមត្ថកិច្ចនឹងផាកពិន័យតាមច្បាប់ចំពោះអ្នកមិនពាក់មួកសុវត្ថិភាព”៕

 

ព័ត៌មានផ្សេងទៀត