លោក​សម រង្ស៊ី​ ប្រកាស​ស្វាគមន៍​ បណ្តឹង​លោក​ហ៊ុន សែន​ និង​លោក​ឌី វិជ្ជា​​

21-08-2019 10:57 am 1235

​លោក​សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពេលនេះ កំពុង​រស់នៅ​ប្រទេស​បារាំង​ស្រាប់ បានប្រកាស​ស្វាគមន៍​ចំពោះ​បណ្តឹង របស់លោក​ហ៊ុន សែន និង​លោក​ឌី វិជ្ជា ដែល​បាន​ប្តឹង​លោក ទៅ​តុលាការ​ទីក្រុង​បារី​ស ប្រទេស​បារាំង ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល កាលពី​ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៩​។​

​លោក​សម រង្ស៊ី បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​Facebook នៅ​ព្រឹក​ថ្ងៃទី​២១ សីហា ថា «​ខ្ញុំ សម រង្ស៊ី ស្វាគមន៍​បណ្តឹង ហ៊ុន សែន ប្តឹង​ខ្ញុំ នៅមុខ​តុលាការ​ប្រទេស​បារាំង ក្រោយពី​ខ្ញុំ​បាន​ចោទប្រកាន់ថា គាត់​បានសម្លាប់​លោក​ហុក ឡង់ឌី កាលពី​ឆ្នាំ ២០០៨»​។ 

​ប៉ុន្តែ លោក​សម រង្ស៊ី ជំរុញ​ឲ្យ​លោក​ហ៊ុន សែន ប្តឹង​លោក​បន្ថែមទៀត​ទៅ​តុលាការ​ប្រទេស​បារាំង​នេះ លើ​ករណី​ឃាតកម្ម​លោក​ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាលពី​ឆ្នាំ​២០០៤ និង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី កាលពី​ឆ្នាំ ២០១៦ ដែល​លោក​សម រង្ស៊ី ចោទ​លោក​ហ៊ុន សែន ជា​អ្នក​ពីក្រោយ​ឃាតកម្ម​នេះ​ដូចគ្នា​។​ក្រៅតែពី​លោក​ហ៊ុន សែន លោក​សម រង្ស៊ី ក៏​ជំរុញ ភរិយា​លោក​ហ៊ុន សែន គឺ​លោក​ប៊ុន រ៉ានី ហ៊ុន សែន គួរតែ​ប្តឹង​លោក​ផងដែរ ដោយ​លោក​ក៏បាន​ចោទប្រកាន់ថា លោកស្រី​ប៊ុន រ៉ានី បានសម្លាប់​អ្នកស្រី​ពិសិដ្ឋ ពិ​លីកា កាលពី​ឆ្នាំ​១៩៩៩​។​

​សូមបញ្ជាក់ថា លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ឌី វិជ្ជា អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ត្រូវជា​កូនប្រុស​សព លោក​ហុក ឡងឌី និង​បច្ចុប្បន្ន ជា​កូនប្រសា របស់លោក​ហ៊ុន សែន នៅ​ថ្ងៃទី​២០ សីហា បានសម្រេច​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅកាន់​តុលាការ​ទីក្រុង​បារី​ស ប្រទេស​បារាំង ប្រឆាំងនឹង​លោក​សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល តាមរយៈ​ក្រុម​មេធាវី​ជនជាតិ​បារាំង​។ ជា​បណ្តឹង ធ្វើឡើង ក្រោយពី​លោក​សម រង្ស៊ី ចោទប្រកាន់ថា លោក​ហ៊ុន សែន បានសម្លាប់​លោក​ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​អំឡុង​ឆ្នាំ​២០០៨​។ ជាង​នេះ ទៀត លោក​សម រង្ស៊ី ក៏បាន​និយាយថា​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា មានបំណង​គាំទ្រ​លោក​ឌី វិជ្ជា ដើម្បី​សងសឹក​ឲ្យ​ឪពុក​បង្កើត​។​

​ប៉ុន្តែ លោក​ស ខេង ក៏បាន​ប្តឹង​លោក​សម រង្ស៊ី រួចហើយ​ដែរ តែ​មិនបាន​ប្តឹងទៅ​តុលាការ​បារាំង ដូច​លោក​ហ៊ុន សែន និង​លោក​ឌី វិជ្ជា ទេ ពោលគឺ​លោក​ប្តឹង​ត្រឹម​តុលាការ​ខ្មែរ​ប៉ុណ្ណោះ ហើយក៏​ត្រូវបាន​លោក​សេង គឹម​ឡាក់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ លោក​សម រង្ស៊ី ២​លើក​ហើយ​ដែរ ដើម្បី​សាកសួរ​តាម​បណ្តឹង​លោក​ស ខេង ហើយ​ដីកា​កោះហៅ លើក​ទី​២​នេះ គឺ​តម្រូវឲ្យ​លោកសម រង្ស៊ី ចូលខ្លួន​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៩​ខាងមុខ ៕

ព័ត៌មានផ្សេងទៀត