ទីបំផុត​​អាមេរិក​​សម្រេច​​លក់​​យន្ដហោះ​​ចម្បាំង​​F-16​​ចំនួន​៦៦​គ្រឿង​​ឲ្យ​តៃវ៉ាន់​

21-08-2019 10:03 am 1168

​ក្រសួងការបរទេស​អា​មេរិក​កាលពី​ថ្ងៃ​អង្គារ បានអនុម័ត​លើ​ការលក់​យន្ដហោះ​ចម្បាំង​F-16​ចំនួន​៦៦​គ្រឿង​ទៅឲ្យ​កោះ​តៃវ៉ាន់ ដែលជា​ការផ្លាស់ប្ដូរ​មួយ​អាច​នឹង​ធ្វើឲ្យ​ចិន​ប្រតិកម្ម​ជាថ្មី​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​អាមេរិក​ឲ្យដឹងថា តៃវ៉ាន់​នឹង​ទទួលបាន​យន្ដហោះ​ចម្បាំង​ប្រភេទ​ថ្មី​ផលិត​ដោយ​ក្រុមហ៊ុន​Lockheed Martin នោះ​គឺ​យន្ដហោះ​ចម្បាំង​F-16C/D Block 70 ដែល​កិច្ចព្រមព្រៀង​ទិញ​លក់​មានតម្លៃ​រហូតដល់​៨​ពាន់​លាន​ដុល្លារ​។​

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Mike Pompeo​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា លោក​ប្រធានាធិបតី​Donald Trump​បាន​យល់ព្រម​លើ​គម្រោង​នេះហើយ បន្ទាប់ពី​បាន​ជូនដំណឹង​ទៅ​សភា​កាលពី​សប្ដាហ៍​មុន​។ លោក​Pompeo​បន្ថែមថា យន្ដហោះ​ចម្បាំង​F-16​ពិតជា​សមស្រប​ក្នុង​ទំនាក់ទំនង​ជា​ប្រវត្ដិសាស្ដ្រ​រវាង​អាមេរិក​និងចិន​។ សកម្មភាព​នៅពេលនេះ​គោរព​តាម​គោលនយោបាយ​អាមេរិក​កន្លងមក​។ អាមេរិក​គ្រាន់តែ​អនុវត្ដ​តាម​ការប្ដេជ្ញាចិត្ដ ដែល​បានធ្វើ​ចំពោះ​គ្រប់ភាគី​ទាំងអស់​ប៉ុណ្ណោះ​។​

​ផែនការ​ធ្វើ​ទំនើប​កម្មវិស័យ​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ធ្វើឡើង​ស្របពេល​ចិន​កំពុង​បង្កើន​សកម្មភាព​យោធា​នៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​។ សម្រាប់​ទីក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​គឺជា​ដែនដី​មួយ​របស់ខ្លួន ដូច្នេះ​ចិន​មិន​គិតថា​ជា​រឿង​ខុសឆ្គង​ឡើយ ព្រោះ​ចិន​ចង់ឲ្យមាន​ការបង្រួប​បង្រួ​ម​។ យ៉ាងណាក៏ដោយ​តៃវ៉ាន់​សឹងតែ​អាច​ធ្វើជា​ប្រទេសមួយ​បាន​ទៅហើយ គ្រាន់តែ​ចិន​មិន​យល់ព្រម​ប៉ុណ្ណោះ តៃវ៉ាន់​ក៏​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​បំផុត​មួយ​របស់​អាមេ​រិក​។ 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការការពារ​សន្ដិ​សុខ​ជាតិ​អាមេរិក មើលឃើញថា​ការលក់​យន្ដហោះ​ចម្បាំង​ទៅឲ្យ​តៃវ៉ាន់ មិន​ធ្វើឲ្យប៉ះពាល់​ដល់​មូលដ្ឋាន​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ​។ គម្រោង​នេះ​នឹង​ជួយ​រួមចំណែក​ដល់​សមត្ថភាព​ការពារ​សន្ដិសុខ​ដែនអាកាស​ក្នុង​តំបន់ ក៏ដូចជា​អន្ដរ​ប្រតិ​ប​ត្ដិ​ជាមួយ​សហរដ្ឋអាមេរិក​។​

​ចំពោះ​ប្រទេស​ចិន​ចាត់ទុក​ទង្វើ​នេះ​គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​កិច្ចព្រមព្រៀង​រវាង​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​។ វា​ជា​ការជ្រៀតជ្រែក​យ៉ាងខ្លាំង​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ នេះ​ជា​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដោយ​បន្ថែមថា​អាមេរិក​គួរតែ​លុបចោល​ផែនកា​រលក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជាបន្ទាន់ ហើយ​បញ្ឈប់​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់ បើ​មិន​ដូច្នេះ​ទេ​អាមេរិក​នឹង​ទទួល​ផលវិបាក​។​

​សូមបញ្ជាក់ថា តៃវ៉ាន់​មាន​យន្ដហោះ​ប្រភេទ​F-16​នេះ​រួចហើយ ដែល​បាន​ទិញ​ពី​អាមេរិក​កាលពី​ឆ្នាំ​១៩៩២ និង​ទើបបាន​ត្រួតពិនិត្យ​បច្ចេកទេស​សំខាន់ៗ​ឡើងវិញ​។ ក្រុមហ៊ុន​Lockheed Martin​បាន​និយាយថា យន្ដហោះ​ចម្បាំង​F-16​ស៊េរី​ថ្មី F-16 Block 70/72 រួមបញ្ចូល​បច្ចេកវិទ្យា​រឹតតែ​ទំនើប​ដែល​យន្ដហោះ​ស៊េរី​មុន​គ្មាន​។ ក្នុងនោះ​មានដូចជា​បច្ចេកវិទ្យា​អាកាសចរណ៍ អាវុធ និង​បច្ចេកវិទ្យា​រ៉ា​ដា​។ យន្ដហោះ​ស៊េរី​ថ្មី​នេះ​មាន​រចនាសម្ព័ន្ធ​រឹងមាំ​ជាង​មុន ដូច្នេះ​វា​អាច​ហោះហើរ​និង​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​ដល់​ឆ្នាំ​២០៧០​ឬ​លើសពីនេះ​៕

ព័ត៌មានផ្សេងទៀត