អាជ្ញាធរ​គ្រោង​បង្កើត​App​រាយការណ៍​ករណី​បទល្មើស​គ្រឿងញៀន​

20-08-2019 9:24 pm 357
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង​ផែនការ​ជាតិ​៥​ឆ្នាំ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩-២០២៣ នៅ​ថ្ងៃ​ទី​២០ សីហា លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​បង្ហើប​ឱ្យដឹងថា អាជ្ញាធរ​ជាតិ​ប្រយទ្ធប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បង្កើត​ដាក់ឱ្យ​ប្រើប្រាស់​នូវ​App​លើ​ទូរស័ព្ទដៃ​ដើម្បី​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​សម្ងាត់​នានា​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន...

​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​និយាយថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នឹង​បង្កើត​App​លើ​ទូរស័ព្ទដៃ ដើម្បី​ផ្តល់​ព័ត៌មាន​រហ័ស​ឱ្យ​ពលរដ្ឋ​គ្រប់​ទីកន្លែង​ដែល​សមត្ថកិច្ច​មិន​បាន​ទៅដល់ ហើយ​App​លើ​ទូរស័ព្ទដៃ​នេះ នឹង​បញ្ជូន​រាល់​សារ​គ្រប់​ទិដ្ឋភាព​ទៅកាន់​ពលរដ្ឋ ទាំង​អក្សរ ទាំង​រូបភាព ។​

​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បានបញ្ជាក់​ថា App លើ​ទូរស័ព្ទ​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​បាន​ឆាប់រហ័ស​និង​ទាន់សម័យ ។ វា​មាន​សារសំខាន់​ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ អាច​ដឹង​ពី​ព័ត៌មាន​ដែល​ពលរដ្ឋ​បាន​បញ្ជូន​មក ហើយ​ពលរដ្ឋ​ក៏​អាច​មើល​អំពី​ព័ត៌មាន​របស់​សមត្ថកិច្ច​ឬ​អាជ្ញាធរ​បាន លើកលែង​កិច្ច​ការងារ​សម្ងាត់​ដែល​ទាក់ទង​នឹង​ការបង្ក្រាប​ឧក្រិដ្ឋជន​ដែល​មិន​អាច​ប្រើ​ជា​សាធារណៈ​បាន ។​

​លោក​បញ្ជាក់​បន្តថា ការបង្កើតឱ្យមាន​App​រាយការណ៍​ដោយ​សម្ងាត់​របស់​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ការរាយការណ៍​ព័ត៌មាន​ផ្សេងៗ ទាក់ទង​នឹង​ការជួញដូរ​គ្រឿងញៀន​, ការ​ចែកចាយ​គ្រឿងញៀន​, ការសេព​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​

​គាត់​បន្ថែមថា App​រាយការណ៍​លើ​ទូរស័ព្ទ​នេះ នឹង​មាន​មន្ត្រី​ជំនាញ​ប្រចាំការ​តាម​វេន ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ឆ្លើយតប​ចំពោះ​សារ​សម្ងាត់​របស់​ប្រជាពលរដ្ឋ ក្នុង​ការរាយការណ៍​បន្ត​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​កងកម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​ដែល​បាន​រាយការណ៍ និង​ចុះ​បង្ក្រាប ៕

ព័ត៌មានផ្សេងទៀត