លោកហ៊ុនសែននិងលោកឌីវិជ្ជារួមគ្នាប្តឹងលោកសមរង្ស៊ីទៅតុលាការបារាំង

20-08-2019 8:55 pm 1878
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា បានសម្រេច​រៀបចំ​ដាក់​ពាក្យបណ្តឹង ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល ក្រោយ​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​វាយប្រហារ​ផ្ទួនៗ​គ្នា អំពី​ករណី​មរណភាព​របស់​លោក ហុក ឡងឌី ដែល​ត្រូវជា​ឪពុក​របស់​លោក ឌី វិជ្ជា កាលពី​អំឡុង​ដើមខែ​មិថុនា ឆ្នាំនេះ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​កូនប្រុស​សព លោក ហុក ឡងឌី បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ ប្តឹង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ «​បរិ​យារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២០ សីហា ។​

​ពាក្យបណ្តឹង​ចំនួន​ទាំងពីរ ដាច់ដោយឡែក​ពីគ្នា​នេះ ត្រូវបាន​ធ្វើឡើង​ជា​ភាសា​បារាំង ក្រោម​ជំនួយ​ពី​មេធាវី​ជនជាតិ​បារាំង​ចំនួន​៣​រូប ។​

​ក្នុង​បណ្តឹង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា លោក​សម រង្ស៊ី បាន​បង្កើត​រឿង​មួលបង្កាច់ ចំនួន​៣​ធំៗ ១.​លោក​ហ៊ុន សែន​បាន​សម្លាប់ ឬ​ជា​មេក្លោង​ឱ្យគេ​សម្លាប់​លោក ហុក ឡងឌី ២.​លោក​ហ៊ុន​សែន​បាន​បញ្ជា​ឱ្យ​សម្លាប់​លោក​ជា វិជ្ជា និង​ទី​៣.​លោក​ហ៊ុន សែន បាន​ភូត​កុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​លោក ហុក ឡងឌី ថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ លោក ហុក ឡងឌី បាន​ទទួលមរណភាព គឺ​ត្រូវ​រន្ទះបាញ់ ខណៈ​ដែល​លោក​សម រង្ស៊ី បាន​អះអាង​ថា ត្រូវ​បាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បង្កប់​នៅក្នុង​នោះ ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ បានចាត់ទុក​ការលើកឡើង​នេះ ជា​ការចោទប្រកាន់​យ៉ាង​ឆ្កួត​លីលា និង​ធ្ងន់ធ្ងរ ។​

​ដោយឡែក បណ្តឹង​របស់​លោក ឌី វិជ្ជា បាន​លើកឡើង​ថា លោក​សម រង្ស៊ី បាន​អះអាង​ដោយ​មួលបង្កាច់​ថា លោក ឌី វិជ្ជា មាន​ចេតនា​សងសឹក ចំពោះ​ការសម្លាប់​ឪពុក​របស់​ខ្លួន ហើយ​ដើម្បី​សម្រេច​កិច្ចការ​នេះ លោក ឌី វិជ្ជា ត្រូវ​រៀបចំ​ផែនការ​សងសឹក​នេះ ដោយ​រួម​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​កំពុង​កាន់​តំណែង ។​

​កាលពី​ថ្ងៃ​ទី​២ កក្កដា ក្រុម​មេធាវី​របស់​លោក​រដ្ឋមន្ត្រី ស ខេង ចំនួន​៣​រូប បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក សម រង្ស៊ី អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បាន​ទាមទារ​ឱ្យ​តុលាការ​ចាត់កា​រលោក សម រង្ស៊ី ទៅតាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ស្មើ​នឹង​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក ។​

​កាលពី​ថ្ងៃ​ទី​២ មិថុនា លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន អំពី​មរណភាព​របស់​លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មាន​ខ្លឹមសារ​ថា លោក ឌី វិជ្ជា ត្រូវជា​កូន​របស់​លោក ហុក ឡងឌី បាន​ដឹង​ច្បាស់​អំពី​ឃាតកម្ម​នេះ និង​បាន​កំពុង​គិតគូរ​អំពី​ផែនការ​សងសឹក ។ 

​លោក​ថា ផែនការ​នោះ មាន​ការគាំទ្រ​ពី​លោក​រដ្ឋមន្ត្រី ស ខេង ព្រោះ​លោក​ស ខេង បាន​ដឹងខ្លួន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​ដកតំណែង​របស់គាត់ ឬ​កម្ចាត់​គាត់​តែ​ម្តង ដើម្បី​ឱ្យ​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី​មក​បន្ត​តំណែង ។​

​បន្ត​មក​ទៀត នៅ​ថ្ងៃ​ទី​៤ មិថុនា លោក សម រង្ស៊ី បាន​បន្ត​បង្ហោះ​សារ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡងឌី យ៉ាង​ពិតប្រាកដ ហើយ​រាល់​ពាក្យសម្តី​ដែល​លោក​បាន​និយាយ គឺ​មាន​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ភាសា​ខ្មែរ (VOA) ៕

ព័ត៌មានផ្សេងទៀត