អង់គ្លេស​បារម្ភ​បុគ្គលិក​ស្ថាន​កុងស៊ុល​ហុងកុង ដែល​ត្រូវបាន​ឃាត់ខ្លួន​ដោយ​អាជ្ញាធរ​ចិន​

20-08-2019 4:34 pm 267
  ស្តាប់
ស្តាប់ជាសំឡេង

Simon Cheng​បុគ្គលិក​នៅ​ស្ថាន​កុងស៊ុល​ហុងកុង បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩ នៅក្នុង​ក្រុង Shenzhen ខេត្ត​Guangdong​ប្រទេស​ចិន​។ ប៉ុន្តែ​ក្រោយមក​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​៩​ខែ​សីហា គេ​មិន​ប្រទះឃើញ​Simon Cheng ត្រឡប់មក​ហុងកុង ដើម្បី​បំពេញការងារ​វិញ​ទេ​។ លោក​Simon Cheng ត្រូវបាន​ចាប់ឃុំខ្លួន នៅពេលដែល​លោក​ធ្វើដំណើរ​ត្រឡប់មក​ទីក្រុង​ហុងកុង​វិញ​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​សារព័ត៌មាន​ហុងកុង​HK01 ដោយ​ដកស្រង់​សម្តី​គ្រួសារ និង​មិត្តស្រី​របស់លោក​Simon Cheng​។​

​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង នូវ​ព័ត៌មាន​ដែល​ចុះផ្សាយ​អំពី ការ​ចាប់ឃុំខ្លួន​បុគ្គលិក​បម្រើ​ការងារ​នៅឯ​ស្ថាន​កុងស៊ុល​នៅ​ហុងកុង ដោយ​អាជ្ញាធរ​ចិន​ដីគោក​។ អង់គ្លេស​ដែលជា​អតីត​អាណានិគម​លើ​ហុងកុង បាន​និយាយថា យើង​កំពុងផ្តល់​ការគាំទ្រ​ដល់​គ្រួសារ​របស់លោក Simon Cheng និង​ស្វែងរក​ព័ត៌មាន​បន្ថែម ពី​អាជ្ញាធរ​ក្នុង​ខេត្ត​Guangdong​និង​ហុងកុង​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដែល​ផ្សព្វផ្សាយ ដោយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅក្នុង​ទីក្រុង​ប៉េកាំង​។​

ការចាប់​ឃុំខ្លួន​បុគ្គលិក​ស្ថាន​កុងស៊ុល​ហុងកុង​នៅលើ​ទឹកដី​ចិនដីគោក ធ្វើឡើង​ចំពេល​ដែល​ហុងកុង​បាននិងកំពុង​គ្របដណ្តប់ ដោយ​ចលនា​តវ៉ា​ជាច្រើន​សប្តាហ៍ ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​។ ការ​តវា់​ប្រឆាំងនឹង​រដ្ឋាភិបាល​នេះ ត្រូវបាន​ចិន​ចោទប្រកាន់​អង់គ្លេស និង​បណ្តា​ប្រទេស​លោកខាងលិច​ផ្សេង​ទៀតថា បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់ខ្លួន​។ ពោល​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃទៀត បាន​ជំរុញ​ឲ្យ​ប្រទេ​សចិន​គោរព​តាម​គោលការណ៍​“ ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដែល​បានកំណត់​ក្រោយ​អង់គ្លេស​ប្រគល់​ហុងកុង ឲ្យ​ចិន​គ្រប់​គ្រង់​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។​

ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​បុគ្គលិក​ស្ថាន​កុងស៊ុល​ហុងកុង​នេះដែរ ក្រសួងការបរទេស​ចិន និង​ប៉ូលិស​ហុងកុង បាន​បដិសេធ មិនទាន់​អត្ថាធិប្បាយ​យ៉ាងណា​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត