​​កម្ពុជា​ស្នើ​​ប្រទេស​ឡាវ​​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង​​ទិញ​-​លក់​អគ្គីសនី​​

20-08-2019 2:58 pm 139
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រទេស​ឡាវ ជួយ​សម្របសម្រួល និង​ពន្លឿន​ការបញ្ជូន​អគ្គិសនីម​កកាន់​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គីសនី ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា កាលពី​កំឡុង​ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​ធានា​ស្ថិរភាព​ការប្រើប្រាស់​វិស័យ​ថាមពល នៅក្នុង​ប្រទេស​កម្ពុជា​។ សំណើ​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក អាំ​ផាយ គី​ដាវ​ង្ស (Amphay KIDAVONG) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ឡាវ ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។​

​​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ប៉ាន សូរ​ស័ក្តិ បាន​អរគុណ​ភាគី​ឡាវ ដែល​បាន​ឯកភាព​ជួយ​បំពេញតម្រូវការ​ប្រើប្រាស់​ថាមពលអគ្គីសនី​នៅ​ក្នុងប្រទេស ខណៈដែល​កម្ពុជា កំពុង​សម្រុក​សាងសង់​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូង​ថ្ម ៧០០​មេហ្កា​វ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២៤០​មេហ្កា​វ៉ាត់ នៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង​និង​ពោធិ៍សាត់ ដើម្បី​ដាក់ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ក្នុងឆ្នាំនេះ និង​ឆ្នាំក្រោយ​។ 

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្តថា «​ក្រៅពី​គម្រោង​ខាងលើ កម្ពុជា​ក៏បាន​ទិញ​ម៉ាស៊ីនភ្លើង​ធំៗ​ចំនួន​ពីរ ពី​ប្រទេស​ហ្វាំង​ឡ​ង់ និង​អាល្លឺម៉ង់ ដើម្បី​បង្ការ​មិន​ឱ្យមាន​បញ្ហា​កង្វះ​អគ្គិសនី​កើតឡើង​ឆ្នាំក្រោយ ហើយ​នៅ​ថ្ងៃ​អនាគត បើសិនជា​កម្ពុជា​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់ លើសពី​តម្រូវការ កម្ពុជា​នឹង​លក់​ថាមពល​អគ្គិសនី ដែល​សល់​ពី​ការប្រើប្រាស់​ក្នុងស្រុក ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​»​។ លោក​ក៏​បានស្នើ​ភាគី​ឡាវ ឱ្យ​ពិចារណា​បើក​ជើងហោះហើរ​ត្រង់ មកកាន់​កម្ពុជា និង​ជំរុញ​ការដោះដូរ​ទំនិញ និង​សេវាកម្ម​ដ៏​មាន​សក្តានុពល​ផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​ធុរកិច្ច និង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។​

​ជា​ការឆ្លើយតប លោក អាំ​ផាយ គី​ដាវ​ង្ស បាន​សន្យា​ជួយ​សម្របសម្រួល​ការបញ្ជូន​ថាមពល​អគ្គិសនី ពី​ប្រទេស​ឡាវ មកកាន់​ប្រទេស​កម្ពុជា ឱ្យបាន​ទាន់ពេលវេលា​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត