លោក​ទៀ សីហា​៖​អាជ្ញាធរ​ខេត្ត​គ្មាន​សិទ្ធិ​សម្រេច​អោយ​បេក្ខជន​ជា ចាន់​ស្រី​នាង​ចូល​ប្រឡង​វិញ​ឡើយ​

20-08-2019 2:41 pm 495
ប្រភពរូបភាពពីសារព័ត៌មានFresh News

​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់​អោយដឹងថា ចំពោះ​ករណី​ប្អូនស្រី​ជា ចាន់​ស្រី​នាង ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​អង្គរ ហើយ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ ១០​មករា​ខាងជើង ដែល​បាន​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្យា​ទុតិយភូមិ​យឺត​ជាង ៣០​នាទី ហើយ​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ប្រឡង​មុខ​វិជ្ជាម៉ោង​ដំបូង​នោះ ក្នុងនាម​អាជ្ញាធរ​ខេត្ត មិន​មាន​សិទ្ធិ​ក្នុង​ការសម្រេច​ដូច​សារព័ត៌មាន​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា​លោកទៀ សីហា បាន​សម្របសម្រួល​ឱ្យបាន​ចូល​ប្រឡង​វិញ​នោះ​ទេ​។​

​លោក​ទៀ សីហា បាន​បញ្ជាក់បន្ថែម​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត មិន​មាន​សិទ្ធិ​ក្នុង​ការសម្រេច​ដូច​សារព័ត៌មាន​បង្ហោះ​នោះទេ គឺមាន​តែ​ប្រធាន​មណ្ឌល និង​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​ទទួលបន្ទុក​ផ្ទាល់​នៅ​មណ្ឌល​សៀមរាប​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច​ថា​សិស្ស​រូប​ណា​អាច​ចូល ប្រឡង​បាន​ឬ​មិន​បាន ដោយ​យោង​ទៅតាម​ច្បាប់ និង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោករ​ស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​២០ ខែសីហា​ថា បេក្ខជន​ដែល​មក​ប្រឡង​ក្រោយ​ជួង​ទី ២​រយៈពេល​១៥​នាទី គឺ​បេក្ខជន​អាច​ស្នើសុំ​សិទ្ធិ​ចូល​ប្រឡង​ពី​ប្រធាន​មណ្ឌល​ប្រឡង ហើយ​ប្រធាន​មណ្ឌល​ជា​អ្នកសម្រេច​ថា​ឱ្យ​បេក្ខជន​នោះ​ចូល ឬ​មិន​ចូល​។ ដោយឡែក​សម្រាប់​ករណី​បេក្ខជន ជា ចាន់​ស្រី​នាង គឺ​មក​យឺត​រហូតដល់​ទៅ​ជាង​៣០​នាទី​...

​សំឡេង​លោករ​ស់ សុ​វាចា​៖

​សូម​បញ្ជាក់​ដែរ​ថា យោងតាម​បទបញ្ញត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ការប្រឡង​បាក់​ឌុប បានបញ្ជាក់​ថា មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង ចំពោះ​បេក្ខជន​ដែល​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​ពីរ​ដោយ​ចេតនា ឬ​ដោយ​ធ្វេសប្រហែស នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ​ចំពោះ​ករណី​ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​៕

 

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត