អាមេរិកធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យម ក្រោយដកខ្លួនចេញពីសន្ធិសញ្ញាINF

20-08-2019 10:51 am 314

ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ នូវការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមជាលើកដំបូង ក្រោយអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពី អាវុធនុយក្លេអ៊ែរចម្ងាយមធ្យម ( INF ) ជាមួយរុស្ស៊ី។ ការបាញ់បង្ហោះមីស៊ីលសាកល្បងនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅកោះ San Nicolas ដែលគ្រប់គ្រងដោយកងទ័ពជើងទឹកអាមេរិក ស្ថិតនៅ Los Angelesរដ្ឋ Californiaសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ មន្ទីរបច្ចុកោណអាមេរិកបានបញ្ជាក់ថា កាំជ្រួចមីស៊ីលនេះបានបាញ់ចេញ និងទៅដល់គោលដៅរបស់វាយ៉ាងត្រឹមត្រូវ បន្ទាប់ពីការហោះហើរជាង ៥០០ គីឡូម៉ែត្រ។ ទិន្នន័យដែលប្រមូលបាន និងបទពិសោធន៍ដែលទទួលបាន ពីការបាញ់សាកល្បងនឹងជូនដំណឹងដល់ក្រសួងការពារជាតិ នូវសមត្ថភាពនៃមីស៊ីលកម្រិតមធ្យមនាពេលអនាគត។ កាំជ្រួចមីស៊ីលដែលអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យ គឺជាប្រភេទកាំជ្រួចមីស៊ីលធុនTomahawk។ Tomahawk ត្រូវបានដកចេញលែងយកមកសាកល្បង បន្ទាប់ពីសន្ធិសញ្ញា ស្តីពី អាវុធនុយក្លេអ៊ែរកម្រិតមធ្យម ត្រូវបានផ្តល់សច្ចាប័ន។

សន្ធិសញ្ញា ស្តីពី អាវុធនុយក្លេអ៊ែរកម្រិតមធ្យម ត្រូវបានចុះហត្ថលេខា ដោយអតីតប្រធានាធិបតីអាមេរិក លោកRonald Reagan និងមេដឹកនាំសហភាពសូវៀតលោកMikhail Gorbatchev នៅឆ្នាំ១៩៨៧។ ការបង្កើតឲ្យមានសន្ធិសញ្ញានេះឡើង ដើម្បីបិទបញ្ចប់ភាពតានតឹងផ្នែកយោធា នៅសម័យសង្រ្គាមត្រជាក់។ សន្ធិសញ្ញា ស្តីពី អាវុធនុយក្លេអ៊ែរកម្រិតមធ្យម ចងក្រងដោយបង្កប់ខ្លឹមសារ ហាមមិនឲ្យប្រើមីស៊ីលគ្រប់ប្រភេទ រួមមានមីស៊ីលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬមីស៊ីលសម្រាប់សង្រ្គាម ដែលអាចបាញ់បានពីចម្ងាយ៥០០ទៅ៥ ៥០០គីឡូម៉ែត្រ។

តែអាមេរិក បានដកខ្លួនចេញពី សន្ធិសញ្ញា ស្តីពី អាវុធនុយក្លេអ៊ែរកម្រិតមធ្យម ជាមួយរុស្ស៊ីជាផ្លូវការនៅថ្ងៃសុក្រទី២សីហាឆ្នាំ២០១៩។ អាមេរិកដកខ្លួន ក្រោមហេតុផលថា រុស្ស៊ីបានដាក់ពង្រាយមីស៊ីល រំលោភលើខ្លឹមសារ ដែលមានចែងនៅក្នុងសន្ធិសញ្ញានេះ។ មីស៊ីលនោះថែមទាំងមានដាក់តាំងកំញ៉ើញ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលមានសមត្ថភាព វាយប្រហារប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនទៀតផង។ តែប្រទេសរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា មីស៊ីលបានដាក់ពង្រាយនោះ គឺស្ថិតនៅខាងក្រៅសន្ធិសញ្ញាទេ៕

 

ព័ត៌មានផ្សេងទៀត