រដ្ឋមន្ត្រី​ទេសចរណ៍​​ស្នើ​វិស័យ​ឯកជន​ ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍​​

20-08-2019 10:48 am 106
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្ងៃទី ១៩ សីហា លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន ដើម្បី​ពង្រឹង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ផ្នែក​ឯកជន និង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ការចូលរួម និង​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ពង្រឹងគុណភាព​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ និង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​។ ផ្នែក​ឯកជន​ដើរតួនាទី​សំខាន់​ធ្វើជា​ស្ពាន​សម្រាប់​ពាំនាំ​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​ពាក់ព័ន្ធ​នឹង​ការប្រកប​អាជីវកម្ម​ផ្នែក​ឯកជន បញ្ជូនមក​ក្រសួង​ទេសចរណ៍ និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​អោយមាន​ប្រសិទ្ធភាព​។ 

​បន្ទាប់ពី​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស​រួចមក អង្គ​ប្រជុំបាន​ឯកភាពគ្នា​បង្កើន​កិច្ចសហការ និង​ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ​-​ឯកជន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។ 

​លោក​ថោង ខុន បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​បន្ត​ធ្វើការ ពិភាក្សាគ្នា​ជាមួយ​ផ្នែក​ឯកជន និង​សមាគម ដើម្បី​ពិនិត្យ​ទៅលើ​បញ្ហា​ប្រឈម សំណូមពរ​ចាំបាច់​នានា និង​ការផ្តល់​គោលនយោបាយ​លើកទឹកចិត្ត​នានា​ដល់​សមាគម​ដើម្បី​ទាក់ទាញ​ការចូល​ជា​សមាជិកឲ្យ​កាន់តែច្រើន សំដៅ​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​គោលការណ៍ យុទ្ធសាស្ត្រ និង​វិធានការ​ចាំបាច់​នានា​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ពង្រឹង​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ណែនាំ​ដល់​ផ្នែក​ឯកជន និង​សមាគម ជួយ​ឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យបាន កាន់តែ​ខ្លាំងក្លា​ថែម​។ ដើម្បី​ជួយ​ជំរុញ​លើ​ការងារ​នេះ  លោក​ស្នើឲ្យ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​រវាង​រដ្ឋ​-​ឯកជន​នេះ រៀលរាល់ ០៣​ខែម្តង ជា​ទៀងទាត់​៕


ព័ត៌មានផ្សេងទៀត