ខណៈ​នេះ​​គ្មាន​សញ្ញា​​បង្ហាញថា​​អាច​បញ្ចប់​​ភាពចលាចល​​នៅ​ហុងកុង​​ឡើយ​

19-08-2019 4:35 pm 263

​ភាពស្ងប់ស្ងាត់​បាន​វិលត្រឡប់​មកវិញ​ខ្លះ​ហើយ​នៅក្នុង​ក្រុង​ហុងកុង គឺ​មួយថ្ងៃ​បន្ទាប់ពី​ការជួបជុំ​ដោយ​សន្ដិភាព​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស។ ប៉ុន្ដែ​ទោះបីជា​យ៉ាងនេះ​ក្ដី​ភាពច្របូកច្របល់​នៅក្នុង​រដ្ឋ​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ គ្មាន​សញ្ញា​ថា​អាច​បញ្ចប់​បានឡើយ​។ អ្នករៀបចំ​កា​តវ៉ា​បាន​និយាយថា ព្រឹត្ដិការណ៍​ជួបជុំ​កាលពី​ថ្ងៃអាទិត្យ មាន​មនុស្ស​ចូលរួម​ប្រមាណ​១,៧​លាន​នាក់​។ នេះ​គឺជា​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​បំផុត​ទី​ពីរ បន្ទាប់ពី​ការតវ៉ា​ក្នុង​ខែមិថុនា​ដែល​កាលនោះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​២​លាន​នាក់​។​

​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​ក្រុម​តវ៉ា​បាន​ចេញពី​កន្លែង​ប្រមូលផ្ដុំ​ដែល​បានកំណត់ ហើយ​បានចាប់ផ្ដើម​ដង្ហែ​ក្បួន​នៅតាម​ដងផ្លូវ​សំខាន់ៗ ប៉ុន្ដែ​ពុំមាន​របាយការណ៍​នៃ​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​ឡើយ​។ មាន​ការកោតសរសើរ​ក្រុមបាតុករ​ថា​ពួកគេ​បាន​ដាក់សំណើ​យ៉ាង​សម​ហេតុផល​ទៅ​រដ្ឋាភិបាល ប៉ុន្ដែ​កាសែត​គាំទ្រ​ក្រុង​ប៉េកាំង​មួយ​បាន​ហៅ​ការជួបជុំ​នេះ​គឺជា​បាតុកម្ម​ខុសច្បាប់​។ 

​រដ្ឋាភិបាល​ហុងកុង​បាន​និយាយថា​ការជួបជុំ​ធ្វើឡើង​ដោយ​សន្ដិវិធី ប៉ុន្ដែ​មន្ដ្រី​មួយចំនួន​ចង្អុលបង្ហាញ​ថា ក្រុមបាតុករ​បាន​បង្ក​ភាពរអាក់រអួល​ដោយ​ការបិទ​ផ្លូវធំៗ​។ រដ្ឋាភិបាល​បានបង្ហាញ​ការត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួបចរចា​ជាមួយ​ក្រុមបាតុករ​នៅពេល​ស្ថានការណ៍​មាន​ស្ថិរភាព​។ ប៉ុន្ដែ​ក្រុម​អ្នករៀបចំ​បាតុកម្ម​និយាយថា ពួកគេ​គ្រោង​នឹង​ដើរ​ដង្ហែ​ក្បួន​ទៅកាន់​ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​ចិន​ប្រចាំ​ក្រុង​ហុងកុង​នា​ចុងខែ​នេះ ហើយ​ពុំទាន់​ទទួលយក​ផែនការ​ចរចា​ណាមួយ​ឡើយ​។​

​សូម​រម្លឹកថា ចលនា​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​បានចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ សេចក្ដីព្រាងច្បាប់​អនុញ្ញាតឲ្យ​បញ្ជូនជន​សង្ស័យ​ទៅកាត់​ទោសនៅ​ចិន ប៉ុន្ដែ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ថា​ធ្វើបែបនេះ អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ពិសេស​ជនសង្ស័យ​អាច​រង​នូវ​អំពើ​អ​យុត្ដិធម៌​នានា​។ ការតវ៉ា​ក៏​រីក​រាលដាល​កាន់តែ​ធំ រហូត​ផ្ទុះ​អំពើហិង្សា​បណ្ដាលឲ្យ​មនុស្ស​របួស​ជា​ច្រើននាក់ និង​ចាប់ខ្លួន​រាប់រយ​នាក់​ទៀត​។ បច្ចុប្បន្ន​នៅ​ពុំទាន់​មាន​សញ្ញា​បង្ហាញថា ការតវ៉ា​អាច​នឹង​បញ្ចប់​បាន​នោះទេ​៕

ព័ត៌មានផ្សេងទៀត