រដ្ឋមន្ត្រី​អប់រំ​ធានា​ការ​បូក​ពិន្ទុ​ឆ្នាំ​នេះ​មិនឲ្យ​មាន​កំហុស​ទៀតឡើយ​

19-08-2019 3:14 pm 189

​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ដំណើរការ​បូក​ពិន្ទុ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​ឆ្នាំ​២០១៩​នេះ នឹង​ត្រូវ​ធ្វើឡើង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បូក​ចំនួន​ពីរ​ប្រភេទ ដើម្បី​ធានា​កុំឲ្យ​មាន​កំហុសឆ្គង​លើ​បញ្ហា​នេះ ដូច​កាលពី​ឆ្នាំ​កន្លងទៅ​។

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុងឱកាស​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ នា​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ បាន​គូសបញ្ជាក់​ទៀត​ថា មុននឹង​ធ្វើ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ ក្រសួង​នឹង​វិភាគ​ពិន្ទុ​ទាំងអស់នោះ ឲ្យបាន​ល្អិតល្អន់​ទើប​ប្រជុំ​សម្រេច ប្រកាស​លទ្ធផល​តាម​ក្រោយ​។ ទន្ទឹមនឹងនេះ លោក​បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរការ​បូក​ពិន្ទុ​ប្រឡង​នៅ​ឆ្នាំ​២០១៩​នេះ នឹង​មិន​មាន​កំហុសឆ្គង​ទៀត​នោះឡើយ​។​

សំឡេង

​គួររម្លឹកថា សម្រាប់​លទ្ធផល​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​ចំនួន​២​លើក លើ​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ដោយសារតែ​មាន​កំហុស​ឆ្គង​លើ​ការ​បូក​ពិន្ទុ ដែល​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​នាក់​បាន​ធ្លាក់​។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​សិស្ស​ជាង​១​ពាន់​នាក់ ផ្ទុះ​ការតវ៉ា និង​ដាក់​ពាក្យបណ្ដឹង​សុំឲ្យ​ក្រសួង​ពិនិត្យ​មើលល​ទ្ធ​ផលប្រ​ឡ​ង​របស់​ពួកគេ​ឡើងវិញ​។​

​ក្រោយ​មក​ក្រសួង​អប់រំ បាន​សម្រេច​បង្កើត គណកម្មការ​កោសល្យវិច័យ បាន​រក​ឃើញ​កំហុស ក្នុងការ​ស្រង់​ពិន្ទុ​គណិតវិទ្យា ដែល​បាន​ធ្វើឲ្យ​បាត់​ពិន្ទុ​របស់​បេក្ខជន​។​

​សេចក្ដីប្រកាស​របស់​ក្រសួង បានបញ្ជាក់​ថា ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសារ​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយសារ​កម្មវិធី​កុំព្យូទ័​មិន​បាន​បូក​ស្រង់​ពិន្ទុ គណិតវិទ្យា​របស់​បេក្ខជន​ចំនួន ៧៤០​បន្ទប់​។​

​សូមបញ្ជាក់​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​បេក្ខជន​សរុប ១១៧,០២៤​នាក់ (​ស្រី ៦០,៤២១​នាក់​) ថយចុះ ៣៧​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត