​សហភាព​អឺរ៉ុប​​ប្រកាស​ផ្ដល់ជំនួយ​ដល់​កម្ពុជា​​ចំនួន​១០០​លាន​ដុល្លារ​​

19-08-2019 2:45 pm 2073
  ស្តាប់
ស្តាប់ជាសំឡេង

​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចប់​អាណត្តិ ក្នុងជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក​បាន​ប្រាប់​ឱ្យដឹងថា EU នឹង​ជួយ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ នូវ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ សម្រាប់​វិស័យ​ជលផល​។ ក្នុងជំនួប​នោះដែរ George Edgar បាន​មាន​ប្រសា​ន៍​ពី​ការងារ និង​សមិទ្ធផល​សំខាន់ៗ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ ដែល​លោក​បាន​បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា លោក​ក៏បាន​និយាយ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​ក៏​បានបញ្ជាក់​អំពី​ការងារ​សំខាន់ៗ ដែល EU បាន​ជំរុញ ជាពិសេស​លើ​វិស័យ​កសិកម្ម ដែលជា​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​។ 

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចប់​អាណត្តិ​រូបនេះ បាន​គូសបញ្ជាក់​អំពី​ការជួយ​ទៅដល់​វិស័យ​បម្រែបម្រួល​អាកាសធាតុ ដែល​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ងាយ​រងគ្រោះ​ដោយ​បម្រែបម្រួល​អាកាសធាតុ ហើយ​នេះ​ក៏​ជា​បញ្ហា​ពិភពលោក​ផងដែរ​។ មិនតែប៉ុណ្ណោះ EU នឹង​បន្ត​ជួយ​លើ​វិស័យ​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការប្រឆាំង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដែរ​។ លោក George Edgar ក៏បាន​អបអរសាទ​រលើ​លទ្ធផល​ការងារ​ក្នុង​វិស័យ​ទ​២ គឺ​វិស័យ​ជលផល និង​ព្រៃឈើ​។ ជា​គ្នា​នោះ George Edgar ថា EU ក៏បាន​ធ្វើ​វិភាគទាន​ទៅដល់​តុលាការ​ខ្មែរក្រហម ដែលជា​តុលាការ​កូនកាត់ ឱ្យមាន​ភាពជោគជ័យ​កន្លងមក​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ជា​ការឆ្លើយតប លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​មាន​ប្រសា​ស​ន៏​មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម ដែល​នឹង​មកដល់​ទីបញ្ចប់​នៅពេល​ខាងមុខនេះ ហើយ​លោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ EU ដែល​បាន​ជួយ​វិភាគទាន​ក្នុង​ការស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​នោះ​ថែមទៀត​ផង​។​

​លោក ហ៊ុន សែន បន្តថា EU នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្តទៀត ជាពិសេស​ការផ្ដោត​ទៅលើ​គ្រប់​វិស័យ និង​ទិដ្ឋភាព​នៃ​ទំនាក់ទំនង រវាង EU ជាមួយ​កម្ពុជា ជាពិសេស​ការបន្ត​ធ្វើកា​រ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ ហើយ​នៅពេល​ខាងមុខនេះ កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ផងដែរ ដែល​នៅពេលនោះ ថ្នាក់ដឹកនាំ រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជាច្រើន ក៏​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ផងដែរ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត