បុរស​ជនជាតិ​​អាមេរិក​ម្នាក់​ប្រទះឃើញ​​សំបុត្រ​​នៅក្នុង​ដប​​អាយុ​៥០​ឆ្នាំ​

19-08-2019 11:25 am 1092
​លោក​Tyler Ivanoffជាអ្នករើសបានដបដាក់សំបុត្រ

​ក្នុងសម័យ​ដែល​ពុំទាន់​មាន​បច្ចេកវិទ្យា​ទំនើប ការសរសេរ​សំបុត្រ​ដាក់​នៅក្នុង​ដប​ហើយ​ចោល​ក្នុង​ទឹក ពិតជា​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​។ សារ​នៅក្នុង​ដប​ពេលខ្លះ​ត្រូវបាន​ប្រទះឃើញ​ភ្លាមៗ និង​ខ្លះទៀត​មាន​រយៈពេល​រាប់​ឆ្នាំ​ទើប​ត្រូវបាន​គេ​ប្រទះឃើញ​។ ជាក់ស្ដែង​បុរស​រស់នៅ​រដ្ឋ​Alaska​សហរដ្ឋអាមេរិក​ម្នាក់ បាន​ប្រទះឃើញ​ដប​មួយ​មាន​សំបុត្រ​ក្នុងនោះ ដែលមាន​អាយុកាល​រហូតដល់​ទៅ​៥០​ឆ្នាំ​មកហើយ​។ 

​លោក​Tyler Ivanoff​បានចេញ​ទៅរក​អុស​នៅក្បែរ​ផ្ទះ​របស់លោក ក្រោយមក​ក៏​ប្រទះឃើញ​ដប​ប្លា​ស្ទិក​មានសំបុត្រ​ខាងក្នុង​។ សំបុត្រ​សរសេរ​ជា​ភាសារ​រុស្ស៊ី ហើយ​លោក​បាន​យក​សំបុត្រ​ទៅ​បង្ហោះ​លើ​ហ្វេ​សប៊ុក​របស់លោក​។ លិខិត​នោះ​សរសេរ​ដោយ​នាវិក​ជនជាតិ​រុស្ស៊ី​ម្នាក់​កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​១៩៦៩​។ រឿងរ៉ាវ​នេះ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ដែល​អ្នកសរសេរ​សំបុត្រ​នោះ​គឺ​លោក​កា​ពី​ទែន​Anatoly Botsanenko​។​

​នៅក្នុង​សំបុត្រ​បានសរសេរថា “​សូម​គោរព​ដោយ​ភាពស្មោះត្រង់​! ពី​កង​នាវា​VRXF Sulak​។ ខ្ញុំ​សូម​គោរព​ចំពោះ​អ្នក​ដែល​បានឃើញ​ដប​ដាក់​សំបុត្រ​នេះ​ថា អ្នក​អាចឆ្លើយតប​ទៅកាន់​អាសយដ្ឋាន Vladivostok -43 BRXF Sulak ទៅកាន់​ក្រុម​នាវិក​ទាំងអស់​។ យើង​សូម​ជូនពរឲ្យ​អ្នក​មានសុខភាព​ល្អ​មានអា​យុ​វែង ហើយ​សូម​ធ្វើដំណើរ​តាម​សមុទ្រ​ដោយ​រីករាយ​។ ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​១៩៦៩​។​” ចំពោះ​លោក​Botsanenko​ជា​ម្ចាស់​សំបុត្រ​នៅពេល​ទទួលបាន​ព័ត៌មាន​នេះ លោក​ពិតជា​រំភើប​យ៉ាងខ្លាំង​រហូត​ស្រក់​ទឹកភ្នែក ដែល​បច្ចុប្បន្ន​លោក​មាន​អាយុ​៨៦​ឆ្នាំ​ហើយ​៕

ព័ត៌មានផ្សេងទៀត