លោក​ត្រាំ​​បញ្ជាក់​ជំហរ​​មិន​ចង់​ធ្វើ​ជំនួញ​​ជាមួយ​​ក្រុមហ៊ុន​Huawei​​ឡើយ​

19-08-2019 10:30 am 761

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា លោក​មិន​ចង់ឲ្យ​អាមេរិក​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ចិន​Huawei​ទេ ទោះបីជា​រដ្ឋាភិបាល​លោក​កំពុង​ថ្លឹងថ្លែង​ថា​ត្រូវ​ពន្យា​រយៈពេល​អនុគ្រោះ​ដល់​ក្រុមហ៊ុន​នេះ​ក៏ដោយ​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រនិង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើនទៀត បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ក្រសួងពាណិជ្ជកម្ម​អាមេរិក​អាច​នឹង​ពន្យារពេល​ហាមឃាត់​ក្រុមហ៊ុន​Huawei ដែល​អនុញ្ញាតឲ្យ​ក្រុមហ៊ុនបន្ដ​ទិញគ្រឿង​បន្លា​ស់ និង​បន្ដ​ទទួល​ការផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​អាមេរិក​បាន​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​ចុះផ្សាយ​ថា អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​ទូទៅ​មួយ​នឹងត្រូវ​ពន្យារពេល​៩០​ថ្ងៃ​។​

​កាលពី​ថ្ងៃអាទិត្យ​លោក​ត្រាំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិន​ចង់​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​Huawei​ទេ ដោយសារតែ​ហេតុផល​សន្ដិសុខ​។ លោក​បន្ថែមថា “​បច្ចុប្បន្ន​មិន​ទំនង​ឡើយ​ថា​អាមេរិក​នឹង​ត្រូវធ្វើ​ជំនួញ​។ ខ្ញុំ​មិន​ចង់​ធ្វើ​ជំនួញ​អ្វី​ទាំងអស់​ព្រោះ​វា​ជា​ការគំរាមកំហែង​សន្ដិសុខ​ជាតិ ហើយ​ខ្ញុំ​ជឿជាក់ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ដឹង​ព័ត៌មាន​ខុសគ្នា​បន្ដិច​ពី​រឿងនេះ​។​”

​លោក​ត្រាំ​លើកឡើង​ទៀតថា មាន​ផ្នែក​តូច​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន​Huawei​ត្រូវបាន​លើកលែង​ការ​ហាមប្រាម ប៉ុន្ដែ​វា​ស្មុគស្មាញ​ខ្លាំង​។ ពាក់ព័ន្ធ​នឹង​ការពង្រីក​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន លោក​ត្រាំ​មិនបាន​បញ្ចេញមតិ​ទេ​។ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​អាមេរិក​លោក​ឡា​រី ឃួ​ដ​ឡូ​(Larry Kudlow) បាន​និយាយថា​ក្រសួងពាណិជ្ជកម្ម​អាច​នឹង​ពង្រីក​អាជ្ញាប័ណ្ណ​បី​ខែ​ទៀត ដែលជា​កាយវិការ​បង្ហាញ​ភាពជឿ​ទុកចិត្ដ​គ្នា ចន្លោះពេល​ការចរចា​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ចិន​កាន់តែ​ទូលាយ​។​

​សូម​រម្លឹកថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន បាន​ផ្ទុះឡើង​ជាង​មួយឆ្នាំ​ហើយ​ប៉ុន្ដែ​មិនទាន់​រកឃើញ​ដំណោះស្រាយ​នៅឡើយ​។ ចំណែក​ក្រុមហ៊ុន​Huawei​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ចំណាប់ខ្មាំង រវាង​អាមេរិក​និង​ចិន​ចន្លោះពេល​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​។ អាមេរិក​ចោទ​ក្រុមហ៊ុន​នេះ​ថា​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​លួច​បង្កប់​ឧបករណ៍​ស៊ើបការណ៍​លើ​ផលិតផល​របស់ខ្លួន ដើម្បី​ស៊ើប​យក​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​។ ករណីនេះ​អាមេរិក​ចាត់ទុក​ជាកា​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សន្ដិសុខ​ជាតិ​។ តែ​យ៉ាងណាមិញ​ក្រុមហ៊ុន​Huawei​ច្រានចោល​ដាច់ខាត ចំពោះ​ការចោទប្រកាន់​របស់​អា​មេរិក​៕

ព័ត៌មានផ្សេងទៀត