វិស័យ​ឯកជន​​ប្ដេជ្ញា​ចូលរួម​​ជាមួយ​រដ្ឋាភិបាល​ អភិវឌ្ឍន៍​​វិស័យ​កសិកម្ម ​និង​រក​ទីផ្សារ​​ជូន​កសិក​រ​​

19-08-2019 10:23 am 139

​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា បានប្រកាស​ប្ដេជ្ញា​គាំទ្រ និង​ចូល​រួមជាមួយ រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាពទំនើប និង​ទទួលបាន​ទិន្នផល​ខ្ពស់ ព្រមទាំង​កំពុង​សហការ​ជាមួយ​ក្រសួងកសិកម្ម ស្វែងរក​ទីផ្សារ​លក់​កសិផល​បន្ថែ​ម​ជូន​កសិករ​។ នេះ​ជា​ការអះអាង​បញ្ជាក់ របស់លោ​កឡី សុភាព ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា បញ្ជាក់​ក្នុង​សិក្ខាសាលា​ស្ដីពី ផលិតផល​កសិកម្ម និង​ឱកាស​អាជីវកម្ម ថ្ងៃទី​១៨ សីហា​។​

​លោក​ឡី សុភាព បញ្ជាក់ថា ការគាំទ្រ និង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម ដែលមាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នេះ គឺ​ដើម្បី​ជួយ​ជម​រុញឲ្យ​វិស័យ​កសិកម្ម កម្ពុជា មាន​ភាពជឿនលឿន​ដូច​នៅ​បណ្ដា​ប្រទេស​មួយចំនួន​។​

​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា បាន​ស្នើសុំ​ជួប​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​ពិភាក្សា​រិះរក​ដំណោះស្រាយ ក្នុង​ការស្វែងរក​ទីផ្សារ​បន្ថែម​សម្រាប់​លក់​កសិផល​របស់​កសិករ​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​រួមគ្នា​ជួយ​កសិករ ដែល​តស៊ូ​បង្កបង្កើនផល​ក្នុង​ស្រែចម្ការ​នោះ ឱ្យ​ចាក​ផុតពី​ទុក្ខ​កង្វល់​រឿង​ខ្វះ​ទីផ្សារ​លក់​កសិផល ឬ​តម្លៃ​កសិផល​ចុះថោក​ជាដើម​។​

​លោក​ឡី សុភាព បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម ពិសេស​អ្នកលក់​ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្នាំ​បំប៉ន​ដំណាំ​ជាដើម​នោះ ឲ្យ​គិត​គូរជា​ចាំបាច់​ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព បរិស្ថាន ស្ថិរភាព និង​និរន្តរភាព​ដីស្រែ​ចម្ការ​របស់​ប្រជាកសិករ មិនអាច​ដើម្បី​តែ​ផលចំណេញ​របស់ខ្លួន បង្ក​ការបំផ្លាញ​ដល់​ដី​របស់​ប្រជាកសិករ បំផ្លាញ​សុខភាព​អ្នក​បរិភោគ​នោះឡើយ ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ ក៏ត្រូវ​គិតគូរ​ដល់​បញ្ហា​ប្រឈម​ទាំងនេះ​ផងដែរ​៕

 ពាក្យគន្លឹះ  វិស័យកសិកម្ម

ព័ត៌មានផ្សេងទៀត