ការប្រឡង​បាក់​ឌុប​ឆ្នាំ២០១៩ចាប់ផ្តើម​ហើយ​នៅ​ព្រឹក​នេះ

19-08-2019 9:19 am 243

ការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​កាត់​ថា​បាក់​ឌុប ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ ជាមួយ​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជិត​១២​ម៉ឺន​នាក់​។

​តាម​ការបញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​បេក្ខជន​សរុប ១១៧,០២៤​នាក់ (​ស្រី ៦០,៤២១​នាក់​) ថយចុះ ៣៧​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ចែកចេញ ២០២​មណ្ឌល (​ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧​មណ្ឌល​) ស្មើនឹង ៤,៧២៥​បន្ទប់​។ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤៤,៦៨៣​នាក់ ស្រី​២៥,២៨៥​នាក់ (១,៨១០​បន្ទប់​) ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៧២,៣៤១​នាក់ ស្រី ៣៥,១៣៦​នាក់ (២,៩១៥​បន្ទប់​)​។​

​សូមបញ្ជាក់​ថា ការប្រឡង​នៅ​ថ្ងៃទី​១៩ ខែ​សីហា នេះ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​រួម​មាន​មុខវិជ្ជា​៖ ប្រវត្តិវិទ្យា​, ជីវវិទ្យា​, គីមីវិទ្យា និង​ភាសាបរទេស​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​រួម​មាន​មុខវិជ្ជា​៖ ផែនដី និង​បរិស្ថានវិទ្យា​, ប្រវត្តិវិទ្យា​, ភូមិវិទ្យា និង​ភាសាបរទេស​។​

​ថ្ងៃទី​២០ ខែ​សីហា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​រួម​មាន​មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ​, រូបវិទ្យា និង​គណិតវិទ្យា​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​រួម​មាន​មុខវិជ្ជា​៖ គណិតវិទ្យា​, សីលធម៌ ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​៕


 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត