សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជួបពិភាក្សា​ដោះស្រាយ​វិបត្តិ​នៅ​ហុងកុង​

18-08-2019 3:52 pm 800

​ចលនា​តវ៉ា​នៅ​ហុងកុង បាន​ផ្អើល​ដល់​សហភាព​អឺរ៉ុប ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ពី​តម្រូវការ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ លោកស្រី​Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ បាន​និយាយថា ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មួយចំនួនធំ​នៅ​ហុងកុង បាននិងកំពុង​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ការជួបប្រជុំគ្នា​។ ទោះយ៉ាងណា​ថ្មីៗ​នេះ មាន​ការកើនឡើង​នូវ​ឧប្បត្តិហេតុ​ហិង្សា ដែល​មិនអាច​ទទួលយកបាន ជាមួយ​ហានិភ័យ​នៃ​អំពើហិង្សា​និង​អស្ថិរភាព​បន្ថែមទៀត នៅ​ថ្ងៃ​អនាគត​។​

​លោកស្រី Federica Mogherini បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ បើក​ការពិភាក្សាគ្នា​ដោះស្រាយ​ភាព​តានតឹង​នៅ​ហុងកុង​។ លោកស្រី​ថា ពិតជា​មាន​សារសំខាន់​ណាស់ ដែល​ត្រូវ​រក្សា​ការអត់ធ្មត់​, បដិសេធ​អំពើហិង្សា និង​ចាត់វិធានការ​បន្ទាន់ ដើម្បី​សម្រួល​ស្ថានការណ៍​។ នេះ​បើតាម​លោកស្រី​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​ធ្វើឡើង​នៅពេលដែល​ក្រុមអ្នកតវ៉ា​នៅ​ហុងកុង បានចាប់ផ្តើម​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​បន្តទៀត​នៅ​ចុង​សប្តាហ៍​។ ការតវ៉ា​ដំបូង​ផ្តើមចេញពី​ការទាមទារ​ឲ្យ​ដកចេញ​នូវ​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​ចិនដីគោក ប៉ុន្តែ​ការតវ៉ា​បាន​រីក​រាលដាល​ទៅជា​ការអំពាវនាវ ឲ្យមាន​សិទ្ធិ​កាន់តែ​ច្រើនឡើងៗ នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។ ការតវ៉ា​ក្នុង​រយៈពេល​១០​សប្តាហ៍​កន្លងមក មាន​មនុស្ស​ខ្ទង់លាន​នាក់ បាន​ចូលរួម​ប្រមូ​ផ្តុំគ្នា​ដើរតាម​ដងផ្លូវ ព្រមទាំង​ចូលលុកលុយ​ក្នុង​អាគារ​រដ្ឋាភិបាល និង​ព្រលានយន្តហោះ បង្កឲ្យមាន​ការច្របូកច្របល់​យ៉ាងខ្លាំង​។ ការតវ៉ា​បាន​ប្រែ​ទៅជា​ការផ្ទុះ អំពើហិង្សា​រវាង​ក្រុមបាតុករ​ជាមួយ​ប៉ូលិស បណ្តាលឲ្យ​មនុស្ស​មួយចំនួ​ន​រងរបួស​។​

​ចិន​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លើកឡើងថា ខ្លួន​នឹងមិន​អង្គុយ​មើល ភាពចលាចល ដែល​កំពុង​កើតឡើង នៅក្នុង​ទីក្រុង​ហុងកុង​នោះទេ ខណៈដែល​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ​ហានិភ័យ នៃ​ការឆ្លើយតប​ដោយ​ហិង្សា​ចំពោះ​ការតវ៉ា​។ លោក ត្រាំ បាន​ជំរុញ​សម​ភាគី​ចិន ឲ្យ​ជួប​ជាមួយ​ក្រុមបាតុករ ខណៈដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ច​ន បូល​តុ​ន​បាន​ព្រមាន​ក្រុង​ប៉េកាំង ប្រឆាំងនឹង​ការប្រើ​វិធានការ​បង្ក្រាប​លើ​ក្រុមបាតុករ​នៅ​ហុងកុង ដូច អ្វីដែល​ចិន​ធ្លាប់​ចាត់វិធានការ​បង្ក្រាប​ដ៏​សាហាវ ទៅលើ​ក្រុមបាតុករ នៅ​ទីលាន​ធាន​អាន​មេន ក្នុង​ក្រុង​ប៉េកាំង កាលពី​ឆ្នាំ ១៩៨៩ ។ ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក​ច​ន បូល​តុ​ន ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន បាន​ចុះផ្សាយ​ដោយ​បង្ហាញ​ការប្តេជ្ញាចិត្តថា នឹងមិន​មានរឿង​ដដែលៗ​កើតឡើង​ជាថ្មី ដូច​នៅ​ទីលាន​ធាន​អាន​មេន​នោះទេ​៕

 ពាក្យគន្លឹះ  ហុងកុងសហភាពអឺរ៉ុប

ព័ត៌មានផ្សេងទៀត