មនុស្ស​៦៣​នាក់​ស្លាប់​និង​ជាង​១៨០​នាក់​របួស នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

18-08-2019 12:35 pm 964

​មនុស្ស​យ៉ាងហោចណាស់​៦៣​នាក់​ស្លាប់ និង​ជាង​១៨០​នាក់​របួស នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក ក្នុង​ពិធីមង្គលការ​មួយ នៅ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ នៅតាម​បណ្តាញ​សង្គម បានបង្ហាញ​រូបភាព​សាកសព ខ្ទាត​រប៉ាត់រប៉ាយ​នៅក្នុង​រោងការ ខណៈ​ឯ​តុ​និង​កៅអី​សម្រាប់​ទទួលភ្ញៀវ បាន​ក្រឡាប់​ផ្ងារ​ជើង រញ៉េរញ៉ៃ​។ សាក្សី​ម្នាក់​ដែល​នៅ​បរិវេណ​ខាង​នារី​និយាយថា បានលឺ​សន្ធឹក​ផ្ទុះ​យ៉ាងខ្លាំង​នៅ​ប៉ែក​ខាង​ប្រុស ហើយ​ប្រហែល​២០​នាទី​ក្រោយមក ផ្សែង​ក៏បាន​ហុយ​ទ្រលោម​ពេញ​រោងការ​។ សាក្សី​ដដែល​បាន​អះអាងថា មនុស្ស​ដែល​នៅ​បរិវេណ​ខាង​ប្រុស​ស្ទើរតែ​ទាំងអស់ បាន​ស្លាប់បាត់​បង់ជីវិត​និង​របួស​។ ពិធីមង្គលការ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន មាន​ការចូលរួម​ដោយ​ភ្ញៀវ​រាប់រយ​នាក់ ដែល​ប្រមូល​ផ្តុំគ្នា​នៅតាម​សាល​ធំៗ ហើយ​ជាធម្មតា​បុរស ត្រូវបាន​គេ​បែងចែក​ឲ្យនៅ​ដាច់ដោយឡែក ពី​ស្ត្រី​និង​កុមារ​។​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​លោក Ashraf Ghani បាន​ហៅ​ការវាយប្រហារ លើ​រោងការ​កាលពី​យប់មិញ ថា​ជា​អំពើ​ឃោ​ឃៅ និង​បាន​ចូលរួម​រម្លែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ផងដែរ​។​

​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​BBC ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ម្នាក់ បានធ្វើ​សកម្មភាព នៅ​អំឡុងពេល​មាន​ការរៀបចំ​ពិធីមង្គលការ​មួយកន្លែង ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង ដែល​សម្បូរ​ដោយ ប្រជាជន​កាន់សាសនា​អ៊ីស្លាម​និកាយ​Shia​រស់នៅ​។ ក្រុម​សកម្មប្រយុទ្ធ​កាន់សាសនា​អ៊ីស្លាម​និកាយ​Sunni រួមមាន​ក្រុម​តា​លី​បង់ និង​ក្រុម​IS បាន​បង្កប់​នូវ​ការ​ស្អប់ខ្ពើម អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​Shia និង​បានកំណត់​គោលដៅ​ម្តង​ហើយ​ម្តងទៀត វាយប្រហារ​ទៅលើ​ជនជាតិភាគតិច Shia Hazara នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​ប៉ាគី​ស្ថាន​។ យ៉ាងណាក៏ដោយ ក្រុម​តា​លី​បង់​បាន​បដិសេធ មិនបាន​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រប់​បែក​នោះទេ ហើយក៏​មិនទាន់មាន​ក្រុម​ដទៃ​ណា​ផ្សេងទៀត ប្រកាសថា ជា​ថ្វីដៃ​របស់​ពួកគេ​នៅឡើយ​ដែរ​៕

 ពាក្យគន្លឹះ  អាហ្វហ្គានីស្ថាន

ព័ត៌មានផ្សេងទៀត