រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កត់សម្គាល់​អំពី​វឌ្ឍនភាព​កីឡា​ប្រណាំងទូក​ប្រពៃណី​អន្តរជាតិ​

18-08-2019 10:40 am 89

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ដែល​រៀបចំឡើង​នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់​នៅ​រសៀល​ថ្ងៃ​ទី​១៧ សីហា លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ធ្វើ​ការកត់សម្គាល់​អំពី​វឌ្ឍនភាព​កីឡា​ប្រភេទ​នេះ និង​បាន​ផ្តល់​អនុសាសន៍​៦​ចំណុច ដើម្បី​ឱ្យ​កីឡា​នេះ​កាន់តែ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ...

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានកត់សម្គាល់​អំពី​វឌ្ឍនភាព​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ឬ​ហៅ​ថា ទូក​នាគ ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង នៅ​កម្ពុជា ចាប់តាំងពី​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា​បាន​កែទម្រង់​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​អភិវឌ្ឍ​វិស័យ​កីឡា​នេះ សំដៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games ឆ្នាំ​២០២៣ ខាងមុខ ។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​បញ្ជាក់​បន្តថា ជ័យជម្នះ​ដែល​កីឡាករ​-​កីឡាការិនី​ទទួលបាន​ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្ត​ពោធិសាត់​នាពេលនេះ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការខិតខំ​ហ្វឹកហាត់​ជាប្រចាំ បូកផ្សំ​នឹង​ការតស៊ូ​ព្យាយាម​គោរព​វិន័យ ក្រម​សីលធម៌​ល្អ និង​បទដ្ឋាន​បច្ចេកទេស​បាន​ត្រឹមត្រូវ​ក្នុង​ការប្រកួត​ទេ ។​

​ជាមួយគ្នានេះ ដើម្បី​ឱ្យ​វិស័យ​កីឡា​ទូក​នាគ​កាន់តែ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ចំនួន​៦​ចំណុច ក្នុងនោះ​រួមមាន ៖

១. ត្រូវខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡា​ការិនី នៅតាម​បណ្តា​សមាគម កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​នាគ​» ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង​ទូទាំង​ប្រទេស ។​

២. ត្រូវមាន​ធនធាន​និង​សម្ភារ​ហ្វឹកហ្វឺន​ឱ្យបាន​គ្រប់គ្រាន់ ពិសេស​សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង​ក្រសួង​/​ស្ថាប័ន ចាំបាច់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ហ្វឹកហ្វឺន ក៏ដូចជា​ចូលរួម​ប្រកួត​ទាំង​ថ្នាក់​ភូមិភាគ និង​ថ្នាក់​ជាតិ ព្រោះ​កីឡា​ទូក​ទាំង​បី​ប្រភេទ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​នៅក្នុង​កីឡា​ជាតិ លើក​ទី​៣ ចាប់ពី​ឆ្នាំ​២០២០ តទៅ ។​

៣. ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក​ទូទាំង​ប្រទេស ដោយ​ផ្តោត​លើ​ការបំពេញ​មុខងារ​របស់​គណៈកម្មការ​ជំ​នាញ​នី​មួយៗ​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។​

៤. ត្រូវ​ពង្រឹង​សមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម ឱ្យ​កាន់តែ​ល្អប្រសើរ​ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង​និង​រៀបចំ​ការប្រកួត​បាន​គ្រប់​កម្រិត ។​

៥. ត្រូវខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត ឱ្យបាន​កាន់តែ​ច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន ។​

​និង​ចំណុច​ទី​៦. ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណជន​ជាតិ​និង​អន្តរជាតិ ៕

ព័ត៌មានផ្សេងទៀត