កម្ពុជា​ប្រកាស​ជំហរ​គាំទ្រ​ចិន​ក្នុង​ការរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ហុងកុង​

17-08-2019 9:57 pm 693
  ស្តាប់
ស្តាប់ជាសំឡេង

​មួយ​ថ្ងៃ​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក Wang Wentian បាន​លើកឡើង​អំពី​ជំហរ​ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​លើ​ករណី​បាតុកម្ម​នៅ​ហុងកុង នៅថ្ងៃនេះ កម្ពុជា​បាន​ប្រកាស​ជំហរ​គាំទ្រ​ចិន​ចំពោះ​រាល់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន ដើម្បី​រក្សា​សុខ សន្តិភាព នៅ​តំបន់​ហុងកុង...

​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃទី​១៧ សីហា បាន​ប្រកាស​ជំហរ​គាំទ្រ​លើ​រាល់​ចំណាត់ការ​របស់​ចិន ក្នុង​ការរក្សា​សន្តិសុខ សណ្តាប់​សាធារណៈ នៅ​ហុងកុង ។ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​បាន​បញ្ជាក់ថា ៖

១. ប្រទេស​កម្ពុជា​គោរព «​គោល​នយោបាយ​ចិន​មួយ​» ហើយ​ចាត់​ទុក​ស្ថានការណ៍​ដែល​កំពុង​វិវត្ត​នៅក្នុង​ទីក្រុង​ហុងកុង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

២. ប្រទេស​កម្ពុជា​គាំទ្រ​នូវ​រាល់​ចំណាត់ការ​ចាំបាច់​នានា​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តំបន់​រដ្ឋបាល ពិសេស​ទីក្រុង​ហុងកុង ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​ការរួមរស់​នៅ​ជាមួយគ្នា ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស និង​ការប្រតិបត្តិ​ជា​អន្តរជាតិ ។​

៣. ប្រទេស​កម្ពុជា​ចង់​ឃើញ​ការ​ត្រឡប់​មក​រក​ប្រក្រតីភាព​ឱ្យបាន​ឆាប់ នូវ​ជីវភាព​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព​របស់​ប្រជាជន​ហុងកុង​ទាំងមូល ។​

​គិត​ត្រឹម​ថ្ងៃទី​១៧ សីហា ហុងកុង​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ក្បួន​បាតុកម្ម​ដែល​មាន​គ្រូបង្រៀន​ប្រមាណ​១​ពាន់​នាក់ ។ កម្មវត្ថុ​នៃ​ក្បួន​បាតុកម្ម​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ចលនា​បាតុកម្ម​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ហុងកុង ដែល​បន្ត​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់ ស្តីពី​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក ។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian បាន​ថ្លែង​ក្នុង​សំណេរ​អត្ថបទ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦​សីហា​ថា អាមេរិក​បាន​ធ្វើ​ជា​ខ្នងបង្អែក​ដល់​ក្រុមអ្នកតវ៉ា​នៅ​ហុងកុង ដែល​ប៉េកាំង​បាន​ហៅ​ថា ជា ក្រុម​សកម្មជន​បង្ក​ហិង្សា​ខុសច្បាប់ ។ ចិន​បាន​ហៅ​អាមេរិក​ថា ជា​តួអង្គ​មិនល្អ និង​កំពុង​ដើរតួ​ក្នុងស្ថានភាព​ចលាចល​ទីក្រុង​ហុងកុង ។

យ៉ាងណាក៏ដោយ ក្នុងអត្ថបទសំណេរនោះ លោក​ឯកអគ្គរដ្ឋទូត​ចិន​បាន​លើកសរសើរ​និង​អរគុណ​កម្ពុជា ថា គឺជា​មិត្ត ដែល​គាំទ្រ​ជំហរ​របស់​ចិន​ពី​ដើម​រៀងមក ៕

 ពាក្យគន្លឹះ  បាតុកម្មនៅហុងកុង

ព័ត៌មានផ្សេងទៀត