កម្ពុជា​ច្រាន​ចោល​ការផ្សាយ​របស់​VOA​អំពី​ករណី​ចាប់​បញ្ជូន​ចិន​ទៅ​ស្រុក​វិញ​

17-08-2019 9:17 pm 666
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​មហាផ្ទៃ​កម្ពុជា​បានប្រកាស​ច្រានចោល​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​VOA លើ​ករណី​ចាប់​បញ្ជូន​ជនល្មើស​ជនជាតិ​ចិន​ទៅ​កាន់​ស្រុកកំណើត​វិញ និង​បាន​ប្រកាស​បដិសេធ​ទាំងស្រុង​របស់​អ្នកវិភាគ ដែល​បាន​លើកឡើង​ចោទ​លើ​សមត្ថកិច្ច​កម្ពុជា​ថា​មាន​ភាពកម្សោយ​ក្នុង​ការ​អនុវត្ត​ច្បាប់...

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៦ សីហា បាន​ឆ្លើយបំភ្លឺ​ទៅនឹង​ករណី​ចាប់ខ្លួន​ជនជាតិ ដែល​បាន​ផ្សាយ​លើ​វិទ្យុ VOA នូវ​៥​ចំណុច រួមមាន ៖

១. ការចាប់ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស និង​ការបណ្តេញ​ជនជាតិ​ចិន​ទាំងនេះ​ចេញពី​កម្ពុជា ត្រូវបាន​ធ្វើឡើង​ផ្អែក​តាម​ស្មារតី​នៃ​អនុស្សរណៈ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន និង​ស្រប​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​របស់​កម្ពុ​ជា ។​

២. ជនល្មើស​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូន​ចេញពី​កម្ពុជា គឺជា​ជន​ដែល​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចិន ដែល​នឹង​ត្រូវ​យកទៅ​អនុវត្ត​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ប្រទេស​ចិន ពោល​គឺ​មិន​ដោះលែង​ឱ្យ​រួច​ខ្លួន​ទេ ។​

៣. ជនល្មើស​បរទេស​ទាំង​ឡាយ​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​បណ្តេញចេញ​ពី​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ នឹង​ត្រូវ​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​អន្តោប្រវេសន៍ ហើយ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ជា​ថ្មី​ទៀត​ឡើយ ។​

៤. កន្លងមក​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ធ្លាប់បាន​ចាប់​បញ្ជូន​ខ្លួន​ជនបរទេស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​ខ្លួន​ឱ្យ​ទៅ​ប្រទេស​កំណើត​វិញ ស្រប​តាម​ស្មារតី​នៃ​អនុស្សរណៈ​រវាង​ប្រទេស​ទាំង​ពីរ ។ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ខែ​កក្កដា​ឆ្នាំ​២០១៩ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង ២.៧០០​នាក់ ដែល​ចំនួន​នេះ អាច​ជា​អម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​នៃ​ថវិកាជាតិ ប្រសិន​បើ​ជន​ទាំងនេះ​ត្រូវបាន​ឃុំឃាំង​នៅ​កម្ពុជា ។​

៥. រាល់​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​និង​ចាប់ខ្លួន​ជនល្មើស ទោះបីជា​ជនល្មើស​នោះ​ជា​ពលរដ្ឋ​ខ្មែរ​ឬ​ជា​ជនបរទេ​សក្តី អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​កម្ពុជា តែង​ស៊ើបអង្កេត​ស្រាវជ្រាវ ប្រមូល​ភស្តុតាង​ឱ្យបាន​គ្រប់​តាម​ផ្លូវ​ច្បាប់​ជា​មុន ។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់​អ្នកវិភាគ​មួយ​ចំនួន​ចំពោះ​ករណី​ចាប់​បញ្ជូន​ជនជាតិ​ចិន ដែល​បាន​លើកឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន និង​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់ ដែល​អាច​បណ្តាលឱ្យ​សាធារណ​មតិ​ជាតិ​-​អន្តរជាតិ ភាន់ច្រឡំ​ចំពោះ​វិធានការ និង​ដំណើរការ​នីតិវិធី​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា ។​

​កាលពី​ថ្ងៃ​ទី​១៥ សីហា វិទ្យុ VOA បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ ក្រោម​ចំណងជើង​ថា អ្នកឃ្លាំមើល​សង្គម​យល់ថា ការធ្វើ​បត្យាប័ន​ជនល្មើស​ជនជាតិ​ចិន មិន​បាន​បន្ថយ​បទល្មើស​របស់​ជនជាតិ​នេះ​នៅ​កម្ពុជា​ទេ ។ ក្នុង​អត្ថបទ​នោះ អ្នកវិភាគ​បាន​លើកឡើង​ថា ក្រុម​ឧក្រិដ្ឋជន​ចិន​តែង​ប្រើប្រាស់​កម្ពុជា​ជា​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស ដោយសារ​ការខ្វះចន្លោះ និង​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​កម្ពុជា ។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​នឹង​បន្ត​កិច្ចសហការ​ជិតស្និទ្ធិ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ពលរដ្ឋ ៕

ព័ត៌មានផ្សេងទៀត