ឃុំខ្លួន​ឧកញ៉ា​ម្នាក់​និង​កូនប្រសា​ដាក់ពន្ធនាគារ​ក្នុង​បទល្មើស​ព្រៃឈើ​នៅ​ក្រចេះ​

17-08-2019 8:28 pm 757
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវបាន​តុលាការ​ខេត្ត​ក្រចេះ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៦ សីហា ក្រោយ​រកឃើញថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ព្រៃឈើ ។ ការសម្រេច​ឃុំខ្លួន​នេះ​ធ្វើឡើង​២​ថ្ងៃ​បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ...

​តុលាការ​ខេត្ត​ក្រចេះ​នៅថ្ងៃនេះ បាន​បង្គាប់​ឱ្យ​ឃុំខ្លួន ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ 

​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ​ចុះ​ថ្ងៃ​ទី​១៧ សីហា បញ្ជាក់ថា ជនជាប់ចោទ​ទាំង​ពីរ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​នាំចេញ​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ប្រព្រឹត្ត​នៅ​ភូមិ​ច្រាប​ថ្មី ឃុំ​ស្នួល ស្រុក​ស្នួល កាលពី​អំឡុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​១ និង​ចំណុច​៧ ច្បាប់​ស្តីពី​ព្រៃឈើ » ។​

​ដីកា​ដដែល​ក៏​បាន​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ក្រចេះ ទទួល និង​ឃុំខ្លួន​ជន​ទាំង​ពីរ​នេះ រហូត​មាន​បទបញ្ជា​ថ្មី សម្រច​ផ្សេង​ពី​នេះ ។​

​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវបាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ សម្រេច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ បន្ទាប់​ពី​សួរនាំ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ក្រចេះ ៕

ព័ត៌មានផ្សេងទៀត