ទោះបីជាពេលនេះឥណ្ឌាកំពុងផ្ទុះភាពតានតឹងជាមួយប៉ាគីស្ថាននៅតំបន់ព្រំដែនកាស្មៀក៏ដោយ រដ្ឋមន្ដ្រីក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់ថា ឥណ្ឌាប្ដេជ្ញានឹងមិនប្រើអាវុធនុយក្លេអ៊ែរជាជម្រើសទីមួយទេ។ វាជារឿងពិតណាស់រហូតមកដល់បច្ចុប្បន្ន ឥណ្ឌាមិនដែលភ្លេចគោលការណ៍ “គ្មានការប្រើប្រាស់នុយក្លេអ៊ែរជាជម្រើសទីមួយ” ទេ។ ប៉ុន្ដែការអត់ធ្មត់របស់ឥណ្ឌាក៏មានកំណត់ ប្រសិនបើមានការរំលោភបំពានកើតឡើងម្ដងហើយម្ដងទៀត។ បើមានទង្វើមិនគប្បីបន្ដមិនចេះចប់ វាអាស្រ័យទៅលើស្ថានភាពដែរ ព្រោះឥណ្ឌាក៏អាចផ្លាស់ប្ដូរចិត្ដដើម្បីការពារផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ថា ឥណ្ឌានិងប៉ាគីស្ថានបានប្រឈមមុខដាក់គ្នារាប់ឆ្នាំមកហើយ ជុំវិញជម្លោះនៅតំបន់ព្រំដែនកាស្មៀ។ តំបន់នេះទាំងប៉ាគីស្ថាននិងឥណ្ឌាបានបែងចែកគ្នាកាន់កាប់ម្ខាងម្នាក់ ប៉ុន្ដែជារឿយៗភាពតានតឹងចេះតែផ្ទុះឡើង ហើយមានទាំងផ្ទុះអាវុធផងដែរក្រោយការចោទប្រកាន់ថារំលោភលើដែនអធិបតេយ្យទៅវិញទៅមក។ ឥណ្ឌាធ្លាប់បានគំរាមនឹងបាញ់មីស៊ីលដាក់ប៉ាគីស្ថាន ខណៈប៉ាគីស្ថានបានឆ្លើយតបអាចសងសឹកបានគ្រប់ពេលវេលា៕