លោក​ហ៊ុន សែន ចេញ​អនុក្រឹត្យ​កំណត់​របៀបរបប​ការងារ​របស់​អង្គភាព​អ្នកនាំពាក្យ​

17-08-2019 10:51 am 621

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយ​មិនទាន់​មាន​ការចាត់តាំង​លើ​របៀបរបប​ការងារ​ច្បាស់លាស់​។ ​អនុក្រឹត្យ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ដែល​មាន​ចំនួន ៧​ជំពូក និង​១៤​មាត្រា​។​

​ក្នុង​អនុក្រឹត្យ បានបញ្ជាក់​ថា ការបង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដើម្បី​ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន​ជូន​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ​អំពី​ការងារ សមិទ្ធផល និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​អនុក្រឹត្យ​ដដែល ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​តួនាទី និង​ភារកិច្ច​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​តួនាទី​ស្នូល ក្នុង​ការសម្របសម្រួល​ឱ្យ​មាន​ឯកភាព ប្រសិទ្ធភាព សណ្តាប់ធ្នាប់​ក្នុង​កាត​ផ្តល់ និង​ការផ្សាយ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​សមិទ្ធផល​ការងារ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​, ដឹកនាំ គ្រប់គ្រង និង​ធ្វើ​និយ័តកម្ម​លើ​ការផ្សព្វផ្សាយ​រាល់​ព័ត៌មាន​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​, សម្របសម្រួល​ជាមួយ​បណ្តាញសារព័ត៌មាន​ផ្លូវការ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាតិ និង​អន្តរជាតិ និង​លំហូរ​ព័ត៌មាន​ឱ្យមាន​ប្រសិទ្ធភាព​, ស្រាវជ្រាវ ប្រមូល ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នានា​ពី​គ្រប់​អង្គភាព​ព័ត៌មាន​នៃ​បណ្តា​ក្រសួង​ស្ថាប័ន​, ពន្យល់ និង​ផ្សព្វផ្សាយ​អំពី​ប្រសិទ្ធភាព​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ទៅកាន់​បណ្តាញសារព័ត៌មាន ក៏ដូចជា​សាធារណជន ដើម្បី​ចៀសវាង​ការបកស្រាយ​ខុស ជាហេតុ​នាំ​ឱ្យ​មាន​ការវាយតម្លៃ​អវិជ្ជមាន​លើ​រាជរដ្ឋាភិបាល​, រៀបចំ​សន្និសីទ​សារព័ត៌មាន សេចក្តីប្រកាស​ព័ត៌មាន សេចក្តីថ្លែងការណ៍ ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​, រៀបចំ​បណ្តុះបណ្តាល ពង្រឹង​សមត្ថភាព​ជំនាញ​ដល់​សមាជិក​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មន្ត្រី​នាំពាក្យ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​អនុវត្ត​តួនាទី និង​ភារកិច្ច​ផ្សេងៗ​ទៀត តាម​ការប្រគល់​ជូនរ​បស់​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់​ថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មាន​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជា​ប្រធាន អម​ដោយ​អនុប្រធាន​ចំនួន ៥​រូប និង​សមាជិក​២៥​រូប​ផ្សេងទៀត ដែល​សុទ្ធតែ​ជា​អ្នកនាំពាក្យ​មកពី​ក្រសួង​នានា​៕

ព័ត៌មានផ្សេងទៀត