កម្ពុជា​-​វៀតណាម​ នឹង​ជួបប្រជុំគ្នា​ រក​វិធី​ពង្រីក​​វិសាលភាព​ នៃ​ទំនាក់ទំនង​​ប្រទេស​ទាំងពីរ​​

17-08-2019 10:42 am 188

​រដ្ឋមន្ត្រីការបរទេស​ខ្មែរ លោក​ប្រាក់ សុខុន បាន​អញ្ជើញ លោក​ជាម បិ​ញមិញ រដ្ឋមន្ត្រីការបរទេស​វៀតណាម មក​ធ្វើជា​សហប្រធាន​ជាមួយ​លោក ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​ពី​ថ្ងៃទី​២០-២១ សីហា ឆ្នាំ​២០១៩​។ នេះ បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ របស់​កម្ពុជា នៅ​ថ្ងៃទី​១៦ សីហា​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រីក​ថែមទៀត​នូវ​វិសាលភាព និង​ប្រសិទ្ធភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​វិស័យ​នានា​។ កិច្ចប្រជុំ​នេះ ក៏​នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ ធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​ផងដែរ​។​

​ភាគី​កម្ពុជា ចាត់ទុក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៧​នេះ នឹង​ជួយ​លើកកម្ពស់​ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ភាតរៈ​យូរអង្វែង និង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​សកលលោក​៕

 ពាក្យគន្លឹះ  កម្ពុជាវៀតណាម

ព័ត៌មានផ្សេងទៀត